ប្រមុខការទូតកម្ពុជា ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាននៅប្រទេសហ្វីលីពីន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នេះនៅក្រុងម៉ានីលសាធារណរដ្ឋហ្វីលីពីនតបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសហ្វីលីពីន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ នេះ នឹងប្រព្រឹត្តទៅក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួម»។
កិច្ចប្រជុំនេះ នឹងផ្តល់ជាឱកាសដ៏វិសេសវិសាលមួយ សម្រាប់អាស៊ាន និងដៃគូខាងក្រៅ ក្នុងការផ្លាស់ប្តូរទស្សនៈ ស្តីពីការវិវត្តក្នុងតំបន់ និងអន្តរជាតិ ក្នុងបរិបទនៃការកើនឡើងនូវទិដ្ឋភាពភូមិសាស្ត្រនយោបាយ កាន់តែស្មុគស្មាញ និងប្រែប្រួលលឿនរហ័ស។
ក្រសួងការបរទេសបានឱ្យដឹងទៀតថា ក្រៅពីកិច្ចប្រជុំខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមក្នុងសកម្មភាពសំខាន់ៗផ្សេងទៀត រួមមាន៖ ព្រឹត្តិការណ៍ខួបគម្រប់ ៥០ឆ្នាំ នៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដើម្បីគូសបញ្ជាក់ឡើងវិញនូវគោលការណ៍ដ៏យូរអង្វែងរបស់អាស៊ាន ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការដែលផ្អែកលើច្បាប់។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងចូលរួមកិច្ចប្រជុំផ្សេងទៀត ក្រោមក្របខ័ណ្ឌតំបន់ និងសន្តិសុខលើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសអាស៊ីបូព៌ា សម្រាប់ដោះស្រាយបញ្ហាប្រឈមនានាផងដែរ។
នៅប្រទេសហ្វីលីពីនដដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គ្រោងនឹងមានជំនួបទ្វេភាគី ជាមួយសមភាគីនៃប្រទេសនានា ដើម្បីបន្តរឹតចំណងមិត្តភាព បង្កើនទំនុកចិត្ត និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕




ដោយ៖ស៊ូវណ្ណលុក