អ៊ីរ៉ង់ គំរាមបិទច្រកសមុទ្រ Hormuz រហូត អាមេរិក ទទួលយកលក្ខខណ្ឌ
មូស្គូ ៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃ ព្រហស្បតិ៍ បានគំរាមថា ខ្លួននឹងបន្តបិទខ្ទប់ច្រកសមុទ្រ Hormuz រហូតដល់សហរដ្ឋអាមេរិកយល់ព្រមទទួលយកលក្ខខណ្ឌរបស់ទីក្រុងតេហេរ៉ង់ សម្រាប់ការបើកផ្លូវទឹកយុទ្ធសាស្ត្រនេះឡើងវិញ ។
បើតាម Straits Times, អ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ លោក Mohammad Akrami-Nia និយាយថា ការគ្រប់គ្រងច្រកសមុទ្រនេះ ត្រូវតែស្ថិតក្រោមអំណាចរបស់អ៊ីរ៉ង់ មុនពេលវាអាចបើកឡើងវិញបាន ។
លោក Akrami-Nia បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកត្រូវតែគោរពតាមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងសន្តិភាព កាលពីខែមុន ហើយបញ្ឈប់អ្វីដែលលោកហៅថា សកម្មភាពអរិភាព ។
បន្ថែមលើនេះ សហរដ្ឋអាមេរិកក៏ត្រូវតែទទួលយកច្បាប់របស់អ៊ីរ៉ង់ ក្នុងការគ្រប់គ្រងច្រកសមុទ្រនេះ ហើយថា ការបន្តប្រតិបត្តិការយោធារបស់អាមេរិក នឹងមិនអាចបង្ខំអ៊ីរ៉ង់ឱ្យបើកផ្លូវទឹកនេះឡើងវិញបាន ឡើយ ។
ការគំរាមនេះ ធ្វើឡើងបន្ទាប់ពីសំឡេងផ្ទុះថ្មីជាបន្តបន្ទាប់ ត្រូវបានរាយការណ៍នៅទូទាំងទីក្រុងជាច្រើនរបស់អ៊ីរ៉ង់ ខណៈដែលបញ្ជាការដ្ឋាន កណ្តាលរបស់យោធាអាមេរិក បានប្រកាសពីការវាយប្រហារបន្ថែមលើប្រទេសនេះ ។
បើតាមបញ្ជាការនេះ, ការវាយប្រហារទាំងនោះ បានកំណត់គោលដៅលើសមត្ថភាពយោធាអ៊ីរ៉ង់ ដែលភ្ជាប់ទៅនឹងការគំរាមកំហែងលើនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមដ៏ សំខាន់ សម្រាប់ពាណិជ្ជកម្មប្រេង និងឧស្ម័នរបស់ពិភពលោក ៕

ប្រភព ៖ Straits Times ប្រែសម្រួល ៖ ឈឹម ទីណា