ប្រធានាធិបតីចិន ប្តេជ្ញាគាំទ្រដល់សន្តិភាពពិភពលោក
ប៉េកាំង ៖ ប្រធានាធិបតីចិន លោក Xi Jinping ថ្លែងថា ទីក្រុងប៉េកាំងប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិឱ្យកាន់តែស៊ីជម្រៅ ក៏ដូចជាជំរុញសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោកទាំងមូល ។
លោក Xi បានអះអាងបែបនេះ អំឡុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ដែលកំពុងមានវត្តមាននៅទីក្រុងសៀងហៃ កាលពីថ្ងៃ សុក្រ ដើម្បីចូលរួមសន្និសីទពិភពលោកស្តីពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឆ្នាំ ២០២៦ និងកិច្ចប្រជុំកម្រិតខ្ពស់ ស្តីពីអភិបាលកិច្ច AI សកល ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន, លោក Xi បានសង្កត់ធ្ងន់លើបញ្ហាអស្ថិរភាព និងភាពមិនប្រាកដប្រជា ដែលសហគមន៍អន្តរជាតិកំពុងប្រឈមមុខ ហើយលោកបានលើកឡើងពីសារៈសំខាន់នៃប្រព័ន្ធពហុភាគីនិយមពិតប្រាកដ ក៏ដូចជាការស្តារឡើងវិញ នូវឋានៈ និងតួនាទីរបស់ UN ។
ទន្ទឹមគ្នា មេដឹកនាំចិនរូបនេះ បានជំរុញឱ្យបណ្តាប្រទេសនានាការពារភាពត្រឹមត្រូវ និងយុត្តិធម៌ ហើយប្រកាន់ខ្ជាប់នូវគោលការណ៍នៃធម្មនុញ្ញ UN និងសណ្តាប់ធ្នាប់អន្តរជាតិ ក្រោយសង្គ្រាមលោកលើកទីពីរ ។
ពិសេស ទទួលយកការច្នៃប្រឌិតថ្មី ទទួលខុសត្រូវលើកាតព្វកិច្ចរបស់ខ្លួន និងចាត់វិធានការសកម្ម ដើម្បីដោះស្រាយបញ្ហាប្រឈមសកល ។ បន្ថែមលើនេះ មហាអំណាចធំៗក៏គួរតែមានទំនួលខុសត្រូវកាន់តែធំ និងបង្ហាញពីចក្ខុវិស័យឱ្យកាន់តែទូលំទូលាយ ។
លោក Xi ដែលមានវ័យ៧៣ឆ្នាំរូបនេះ បានបន្ថែមថា ប្រទេសចិនតែងតែព្យាយាមជានិច្ច ដើម្បីជំរុញការរស់នៅជាមួយគ្នាដោយសន្តិភាព ក្នុងចំណោមមហាអំណាចធំៗ ពិសេសការនាំមកនូវស្ថិរភាពកាន់តែខ្លាំងដល់ពិភពលោក ។
ជាការឆ្លើយតប លោក Guterres បានគូសបញ្ជាក់ថា UN នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិន ក្នុងគោលបំណងប្រឆាំងនយោបាយឯកតោភាគីនិយម និងការគាំពារនិយម ការប្រកាន់ខ្ជាប់នូវធម្មនុញ្ញ UN និងច្បាប់អន្តរជាតិ ក៏ដូចជាជំរុញពហុប៉ូល និងការពារផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
