អាល្លឺម៉ង់ និងបារាំង គ្រោងធ្វើសមយុទ្ធនុយក្លេអ៊ែរ
ប៊ែរឡាំង ៖ ប្រទេសអាល្លឺម៉ង់នឹងចូលរួមសមយុទ្ធនុយក្លេអ៊ែររបស់ប្រទេសបារាំង ជាលើកដំបូងនៅចុងឆ្នាំ ២០២៦នេះ ខណៈពេលដែលមេដឹកទាំងអឺរ៉ុបទាំងពីរ បានប្រកាសពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត ស្តីពីការទប់ស្កាត់នុយក្លេអ៊ែរនាពេលអនាគត ។
គម្រោងធ្វើសមយុទ្ធ និងការប្រកាសពីកិច្ចសហប្រតិបត្តិការទប់ស្កាត់នុយក្លេអ៊ែរនេះ ត្រូវបានធ្វើឡើងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានរួមគ្នា កាលពីថ្ងៃ សុក្រ រវាងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និងប្រធានាធិបតីបារាំង លោក Emmanuel Macron ។
បើតាម Anadolu, លោក Merz បាននិយាយថា អាល្លឺម៉ង់-បារាំងកំពុងឈានចូលដំណាក់កាលថ្មី នៃភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយនឹងជំហានថ្មីៗក្នុងវិស័យសន្តិសុខ និងការពារជាតិ ។
មេដឹកនាំអាល្លឺម៉ង់រូបនេះ បានអះអាងថា យើងកំពុងចាប់ផ្តើមដើរលើផ្លូវរួមគ្នាថ្មីមួយ ទាក់ទងនឹងការទប់ស្កាត់នុយក្លេអ៊ែរនាពេលអនាគត ហើយសម្ព័ន្ធមិត្តទាំងពីរក៏កំពុងធ្វើការងាររួមគ្នាឆ្ពោះទៅរកគោលលទ្ធិថ្មីមួយផងដែរ ។
លោក Merz ដែលមានវ័យ៧០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការថ្មីនេះ កងទ័ពអាល្លឺម៉ង់ និងបារាំង នឹងរួមគ្នាថែទាំយន្តហោះចម្បាំង Rafale ដែលជាប្រភេទយន្តហោះមានសមត្ថភាពពាំអាវុធនុយក្លេអ៊ែរ បាន នៅឯមូលដ្ឋានទ័ពអាកាស Norvenich ។
អធិការបតីរូបនេះ ក៏បានគូសបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការរវាងទីក្រុងប៉ារីស និងទីក្រុងប៊ែរឡាំង មិនមែនជាជំហាន ដើម្បីជំនួសឆត្រនុយក្លេអ៊ែររបស់អង្គការ NATO នោះឡើយ ។ វាជាការបំពេញបន្ថែមពីលើការប្តេជ្ញាចិត្តរបស់ពួកយើង ចំពោះការចែករំលែកយុទ្ធសាស្រ្តទប់ស្កាត់នុយក្លេអ៊ែរតែប៉ុណ្ណោះ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា