ដ្រូនអ៊ុយក្រែន សម្លាប់មនុស្ស ៧នាក់ និងបំផ្លាញទីតាំងស្តុកប្រេងរុស្ស៊ី
កៀវ ៖ ការវាយប្រហារដោយយន្តហោះដ្រូនជាបន្តបន្ទាប់របស់អ៊ុយក្រែន បានសម្លាប់កម្មករឃ្លាំងចំនួន ៧នាក់ និងជាច្រើននាក់ទៀតរងរបួស ខណៈការវាយប្រហារមួយផ្សេងទៀតបានបង្កឱ្យមានអគ្គិភ័យនៅឯឃ្លាំងស្តុកប្រេងមួយកន្លែងក្នុងតំបន់ជុំវិញរដ្ឋធានីមូស្គូ ។ នេះបើតាម Straits Times ចេញផ្សាយថ្ងៃទី១៨ ខែកក្កដា ។
បើតាមអភិបាលតំបន់ Tambov លោក Evgeniy Pervyshov, មនុស្ស ២៥នាក់បានរងរបួស បន្ទាប់ពីដ្រូនអ៊ុយក្រែនហែកមេឃហោះបុកចូលឃ្លាំងទំនិញមួយកន្លែងរបស់ក្រុមហ៊ុន Wildberries ក្នុងទីក្រុង Kotovsk មានចម្ងាយប្រហែល ៤៧៥គីឡូម៉ែត្រ ភាគអាគ្នេយ៍រដ្ឋធានីមូស្គូ ។
ជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានសរសេរសារលើបណ្តាញសង្គម X ថា ក្រៅពីទីតាំងទាំងនេះ កងកម្លាំងអ៊ុយក្រែនក៏បានវាយប្រហារលើទីតាំងភស្តុភារចំនួនពីរកន្លែងផ្សេងទៀត ដែលរុស្ស៉ីប្រើប្រាស់សម្រាប់ផ្គត់ផ្គង់គ្រឿងបន្លាស់ សម្រាប់ការផលិតយន្តហោះដ្រូន និងទីតាំងស្តុកប្រេងមួយកន្លែងផងដែរ ។
គួរបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើក ឬដ្រូន បានក្លាយជាអាវុធដ៏សំខាន់បំផុតមួយ ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ។ ជាក់ស្ដែង ការវាយប្រហារដោយយន្តហោះដ្រូនរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន ដែលបានកំណត់គោលដៅកម្ទេចលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី បានធ្វើឲ្យរុស្ស៊ីរងសម្ពាធសេដ្ឋកិច្ច និងការផ្គត់ផ្គង់ប្រេងឥន្ធនៈជាខ្លាំង ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា