ផ្ទះថ្មី ២៧ខ្នងត្រូវបានប្រគល់ជូនអតីតយុទ្ធជន និងនិវត្តជន នៅស្រុកជុំគីរី ខេត្តកំពត
ផ្ទះចំនួន ២៧ខ្នង ត្រូវបានប្រគល់ជូន អតីតយុទ្ធជន និងនិវត្តជន នៅខេត្តកំពត។ ការប្រគល់នេះបញ្ជាក់ពីការយកចិត្តទុកដាក់ជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលចំពោះអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិ។
ផ្ទះចំនួន ២៧ខ្នង ដែលជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទំាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានប្រគល់ជូនអតីតយុទ្ធជន និងនិវត្តជន នៅស្រុកជុំគីរី ខេត្តកំពត។
ពិធីប្រគល់បានប្រារព្ធឡើងកាលពីថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម នឹម ច័ន្ទតារា អ្នកតំណាងរាស្ត្រខេត្តកំពត លោកជំទាវ និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពត ដោយមានការចូលរួមពីមន្ត្រីនៅមូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធ ។
ឯកឧត្តម នឹម ច័ន្ទតារា មានប្រសាសន៍ថា ការប្រគល់ផ្ទះនាពេលនេះ គឺជាការយកចិត្តទុកដាក់ និងការដឹងគុណរបស់រាជរដ្ឋាភិបាល ចំពោះអតីតយុទ្ធជន ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងសន្តិភាពសង្គម ។
ឯកឧត្តមបន្តថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់លើសុខុមាលភាព និងជីវភាពរស់នៅរបស់អតីតយុទ្ធជន ដោយចាត់ទុកអតីតយុទ្ធជនជាវីរបុរសជាតិ ដែលមិនអាចទុកចោលបានឡើយ ។
ឯកឧត្តម ក៏បានលើកទឹកចិត្តដល់អតីតយុទ្ធជន និងក្រុមគ្រួសារ បន្តខិតខំរស់នៅប្រកបរបរតាមលទ្ធភាព និងថែរក្សាសុខភាពឱ្យបានល្អ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ ឱ្យកាន់តែរីកចម្រើន ។
លោក ភូ សុខេន ជាអតីតយុទ្ធជនពិការជើងឆ្វេង បានសម្ដែងក្តីត្រេកអរយ៉ាងខ្លាំងចំពោះផ្ទះថ្មី ដែលទើបទទួលបាននាពេលនេះ។



