រដ្ឋមន្ត្រីក្រសួងការពារជាតិផ្តល់ថវិកាសម្រាប់បំពាក់ម៉ាស៊ីនចម្រោះទឹកស្អាត ជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥
បាត់ដំបង៖ ក្រុមការងារចំពោះកិច្ចក្រសួងការពារជាតិ កាលពីចុងសប្ដាហ៍នេះបាននាំយកថវិកាចំនួន ២២លានរៀល ដែលជាអំណោយរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រគល់ជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥ ដើម្បីបំពាក់ម៉ាស៊ីនចម្រោះទឹកស្អាតមួយគ្រឿង ដែលមានសមត្ថភាពចម្រោះទឹកបាន ៥០០លីត្រ ក្នុងមួយម៉ោង។
ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចំពោះកិច្ចក្រសួងការពារជាតិ បានចាត់តាំងក្រុមការងារចំពោះកិច្ចដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន ខេមរដ្ឋ អនុប្រធានក្រុមការងារចំពោះកិច្ច និងជា ប្រធានលេខាធិការដ្ឋាន រួមដំណើរដោយនាយទាហានជាន់ខ្ពស់ សមាជិកក្រុមការងារចំពោះកិច្ច ពីមន្ទីរពេទ្យព្រះកេតុមាលា នាយកដ្ឋានព័ត៌មាន និង នាយកដ្ឋានហិរញ្ញវត្ថុជាច្រើនរូបទៀត បាននាំយកថវិកាចំនួន២២លានរៀលាំយកថវិកាចំនួន២២លាន រៀលជាអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅប្រគល់ជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥ ។
ក្នុងឱកាសនេះលោកវរសេនីយ៍ឯក ងួន សុភី នាយកមន្ទីរពេទ្យយោធភូមិភាគទី៥ សំពៅលូន បានសម្តែងក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់ប្រមុខក្រសួងការពារជាតិ។លោកចាត់ទុកការឧបត្ថម្ភនេះ ពិតជាមានតម្លៃថ្លៃថ្លាណាស់ សំរាប់សុខភាពយោធិន គ្រួសារយោធិនក៏ដូចជា ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
សូមជម្រាបថា បច្ចុប្បន្ន មន្ទីរពេទ្យសំពៅលូន មានបុគ្គលិកជាង ១០០នាក់ កំពុងបំពេញបេសកកម្មពិនិត្យ និងព្យាបាលជំងឺជូនកងទ័ព និងប្រជាពលរដ្ឋ ដោយតែងតែទទួលបានការឧបត្ថម្ភសម្ភារៈ បរិក្ខារពេទ្យជាប្រចាំពីនាយកដ្ឋានសុខាភិបាល ក្រសួងការពារជាតិ និងមន្ទីរពេទ្យព្រះកេតុមាលា។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ប៊ុន ខេមរដ្ឋ បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីប្រមុខក្រសួងការពារជាតិ ជូនដល់បុគ្គលិក និងក្រុមគ្រូពេទ្យទាំងអស់ ព្រមទាំងបានជំរុញឱ្យបន្តខិតខំយកចិត្តទុកដាក់បំពេញភារកិច្ច គោរពវិន័យកងទ័ព និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីផ្តល់សេវាថែទាំសុខភាពជូនកងទ័ព និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរថែមទៀត៕






ដោយ៖ វណ្ណលុក