ក្រុមកសិករបារម្ភពីឥទ្ធិពលអែលនីណូលើកសិកម្ម ខណៈក្រសួងធនធានទឹកត្រៀមម៉ាស៊ីនបូមទឹកជាង៥០០គ្រឿង ទុកជួយសង្គ្រោះ
ឥទ្ធិពលបាតុភូត អែលនីណូ កំពុងបង្ករក្ដីព្រួយបារម្ភខ្លាំងឡើងៗសម្រាប់កសិករទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។ តំណាងក្រុមកសិករនៅកម្ពុជា បារម្ភថាឥទ្ធិពលរលកកម្តៅអាចនឹងប៉ះពាល់ដល់ទិន្នផលដំណាំក្នុងឆ្នាំនេះ។
លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជា គូសបញ្ជាក់ថា ដំណាំកាហ្វេនៅកម្ពុជា ចាប់ផ្ដើមប៉ះពាល់ជាបណ្ដើរៗ ហើយ ដែលធ្វើឲ្យដំណាំកាហ្វេឆ្នាំនេះ លូតលាស់មិនបានល្អ ព្រោះទឹកមិនគ្រប់គ្រាន់។ លោកបន្តថា បច្ចុប្បន្ន ទិន្នផលកាហ្វេរបស់កម្ពុជា មិនទាន់អាចផ្គត់ផ្គង់ទៅតាមតម្រូវការ ១០០ភាគរយនៅឡើយទេ។ បាតុភូតអែលនីណូ អាចនឹងទាញទម្លាក់ទិន្នផលកាហ្វេក្នុងឆ្នាំនេះ ដែលធ្វើឲ្យប៉ះពាល់ខ្លាំងដល់ការផ្គត់ផ្គង់កាហ្វេក្នុងស្រុក។
បន្ថែមលើនេះ ប្រធានសមាគមកាហ្វេកម្ពុជា ក៏បានជំរុញឲ្យកសិកររៀបចំប្រព័ន្ធទឹកឲ្យបានត្រឹមត្រូវមុននឹងសម្រេចចិត្តដាំដំណាំកាហ្វេ ឬដំណាំផ្សេងៗ ជៀសវាងខាតបង់ដើមទុន។
ចំណែក លោក សុខ សុថា អ្នកជំនាញកសិកម្ម បញ្ជាក់ថាបញ្ហាអាកាសធាតុនៅតែជាបញ្ហាប្រឈមខ្លាំងសម្រាប់វិស័យកសិកម្មនៅកម្ពុជា។ លោកយល់ឃើញថា បញ្ហាប្រេង និងវត្ថុធាតុដើមខ្ពស់ រួមទាំងបាតុភូតអែលនីណូ កំពុងធ្វើឲ្យក្រុមកសិករមានការរារែកចិត្តក្នុងការពង្រីកផលិតកម្មរបស់ខ្លួននាឆ្នាំនេះ។
លោកបន្តថា «វិស័យកសិកម្មរបស់យើងនៅតែមានបញ្ហាប្រឈមទាក់ទងភូមិសាស្រ្តនយោបាយ ការប្រែប្រួលអាកាសធាតុ ដើមទុនក្នុងពង្រីកផលិតកម្មរបស់ខ្លួននៅឡើយ»។
ជុំវិញបញ្ហានេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានញ្ជាក់ថា ក្រសួងបានត្រៀមម៉ាស៊ីនបូមទឹកជាង ៥០០គ្រឿង សម្រាប់អន្តរាគមន៍នៅតំបន់ដែលប្រឈមនឹងការខ្វះទឹក។
រដ្ឋមន្ត្រីក្រសួងធនធានទឹក អះអាងថា កម្ពុជា កំពុងទទួលរងឥទ្ធិពលបាតុភូតនេះ ដែលបានធ្វើឱ្យសីតុណ្ហភាពឡើងកម្ដៅខ្លាំង និងអូសបន្លាយលើសពីធម្មតា។ ស្ថានភាពនេះ អាចបង្កឱ្យមានការខ្វះខាតទឹក ប៉ះពាល់ដល់វិស័យកសិកម្ម បង្កហានិភ័យដល់សុខភាព និងជះឥទ្ធិពលដល់សង្គមទាំងមូល៊។ ប្រឈមមុខនឹងស្ថានភាពនេះ ឯកឧត្តម បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី ចូលរួមថែរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃ៕
ខន ណារី AMS

