ជប៉ុន ថា ដល់ពេលដែលប្រទេសជាតិ ត្រូវតែគិតគូរអំពីអាវុធនុយក្លេអ៊ែរ
តូក្យូ៖លោក Shinjiro Koizumi រដ្ឋមន្ត្រីការពារជាតិជប៉ុនបានអះអាង កាលពីថ្ងៃអាទិត្យថា ប្រទេសរបស់ខ្លួន ចាំបាច់ត្រូវមានការជជែកពិភាក្សា អំពីអាវុធនុយក្លេអ៊ែរ ដោយលើកហេតុផលថា ប្រទេសអឺរ៉ុបនានាកំពុងស្វែងរកការពង្រឹងសមត្ថភាពទប់ស្កាត់ការវាយប្រហារដោយអាវុធប្រល័យលោកទាំងនេះ ឬ nuclear deterrence។
នៅក្នុងកម្មវិធីអនឡាញមួយ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Kyodo News, រដ្ឋមន្ត្រីការពារជាតិជប៉ុនរូបនេះ រៀបរាប់ថា «មិនអាចគេចវេះ ពីការលើកយក បញ្ហានេះ មកពិភាក្សាបានឡើយ»។ លោកអះអាងថា បរិយាកាសសន្តិសុខរបស់ជប៉ុនកាន់តែមានភាពតានតឹងខ្លាំង ដូច្នេះ ទីក្រុងតូក្យូចាំបាច់ត្រូវផ្លាស់ប្តូរស្ថានភាព។
លោក Koizumi បានលើកយកឧទាហរណ៍ អំពីប្រទេសបារាំង និងហ្វាំងឡង់ ដែលកំពុងស្វែងរកការពង្រឹងសមត្ថភាពទប់ស្កាត់ការវាយប្រហារដោយនុយក្លេអ៊ែរ។
លោកអះអាងថា សភាហ្វាំងឡង់បានអនុម័តសេចក្តីព្រាងច្បាប់មួយ កាលពីខែមិថុនា ដែលអនុញ្ញាតឱ្យមានការនាំយកអាវុធនុយក្លេអ៊ែរចូលមកក្នុងប្រទេស ខណៈ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយ កាលពីខែមីនាថា ប្រទេសរបស់លោកនឹងបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ។
បើតាម Anadolu, ជប៉ុន ដែលពឹងផ្អែកលើការការពារដោយឆ័ត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក គឺជាប្រទេសតែមួយគត់ ដែលធ្លាប់រងការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ។ ជប៉ុននៅតែរក្សាគោលការណ៍ទាំងបី គឺ ៖ មិនផលិត, មិនកាន់កាប់ និង មិនអនុញ្ញាតឱ្យមានអាវុធនុយក្លេអ៊ែរ នៅលើទឹកដីរបស់ខ្លួន។
ជាការកត់សម្គាល់ រដ្ឋាភិបាលរបស់លោកស្រី នាយករដ្ឋមន្ត្រី Sanae Takaichi បានទទួលរងការរិះគន់យ៉ាងខ្លាំងពីគណបក្សប្រឆាំង និង ប្រទេសមួយចំនួន កាលពីខែធ្នូ ឆ្នាំមុន បន្ទាប់ពីប្រភពព័ត៌មានមួយ ដែលពាក់ព័ន្ធនឹងការរៀបចំគោលនយោបាយសន្តិសុខរបស់ប្រទេស បានលើកឡើងថា ជប៉ុនគួរតែមានអាវុធនុយក្លេអ៊ែរ។
យ៉ាងណា អតីតរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Itsunori Onodera ក៏ធ្លាប់បាននិយាយ កាលពីចុងឆ្នាំមុនផងដែរថា ប្រទេសមួយនេះចាំបាច់ត្រូវជជែកពិភាក្សាអំពីអនាគតនៃគោលការណ៍មិនប្រើប្រាស់នុយក្លេអ៊ែររបស់ខ្លួន៕
ប្រភព ៖ Anadolu, ប្រែសម្រួល ៖ សារ៉ាត