អាមេរិក ឲ្យ អ៊ីស្រាអែល ត្រៀមខ្លួនស្រាក់ដៃគ្នាវាយប្រហារ អ៊ីរ៉ង់ ឈុតធំជាថ្មី
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យបានជូនដំណឹងដល់អ៊ីស្រាអែលឲ្យត្រៀមខ្លួនស្រាក់ដៃគ្នា វាយប្រហារទ្រង់ទ្រាយធំ លើប្រទេសអ៊ីរ៉ង់សាជាថ្មី នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ។
បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល KAN, ការប្រាប់ឲ្យអ៊ីស្រាអែលត្រៀមខ្លួននេះកើតមានឡើង បន្ទាប់ពីមានរបាយការណ៍ថា អ៊ីរ៉ង់អាចនឹងបើកការវាយប្រហារទៅលើអ៊ីស្រាអែល និងចំពេលដែលអាមេរិកកំពុងពង្រឹងវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា ។
ជាក់ស្ដែង ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ អាមេរិកបានបញ្ជូនឧបករណ៍ និង គ្រាប់រំសេវបន្ថែម ទៅកាន់អ៊ីស្រាអែល ដើម្បីគាំទ្រដល់យន្តហោះចម្បាំងអាមេរិក ។
ជាមួយគ្នានេះ យន្តហោះចាក់ប្រេងលើអាកាសរបស់អាមេរិកជាង ១០ គ្រឿង ក៏បានមកដល់អ៊ីស្រាអែលរួចហើយផងដែរ ក្រោយពេលចាកចេញពីអឺរ៉ុប និងមូលដ្ឋានទ័ពអាកាស Al Udeid ក្នុងប្រទេសកាតា ។
ដោយឡែក គេហទំព័រព័ត៌មានអ៊ីស្រាអែល Walla រាយការណ៍ថា យោធាអាមេរិកមានគម្រោងដាក់ពង្រាយយន្តហោះចាក់សាំងលើអាកាសចំនួន ១០០ គ្រឿង ទៅកាន់អាកាសយានដ្ឋាន Ramon និង មូលដ្ឋានយោធាភាគខាងត្បូង ប្រទេសអ៊ីស្រាអែល ។
បើតាម Anadolu, សហរដ្ឋអាមេរិកបានបង្កើនការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលអ៊ីរ៉ង់បានសងសឹកវិញ ដោយការវាយប្រហារទៅលើទីតាំង និង មូលដ្ឋាននានានៅក្នុងតំបន់ ដោយសារតែទីក្រុងតេហេរ៉ង់អះអាងថា ទីតាំងនៅប្រទេសទាំងនោះត្រូវបានប្រើប្រាស់ដោយយោធាអាមេរិក វាយប្រហារលើអ៊ីរ៉ង់ ។
ការផ្លោងគ្រាប់ដាក់ទៅវិញទៅមករវាងគូជម្លោះទាំងពីរនៅតែបន្តកើតមានឡើង បើទោះបីជា ទាំងអាមេរិក និងអ៊ីរ៉ង់ បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា កាលពីខែមិថុនា ក្រោមការសម្របសម្រួល ពីសំណាក់ប្រទេសប៉ាគីស្ថាន ក៏ដោយ ៕
ប្រភព ៖ Anadolu, ប្រែសម្រួល ៖ សារ៉ាត