កូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ថា “អាយ៉ង” របស់ អាមេរិក
ព្យុងយ៉ាង ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានហៅកូរ៉េខាងត្បូងចំៗថាជា “អាយ៉ង” របស់សហរដ្ឋអាមេរិក ដោយសារតែខឹងសម្បារទីក្រុងសេអ៊ូលចំពោះការចូលរួមធ្វើសមយុទ្ធជើងទឹក Rim of the Pacific នៅកោះហាវ៉ៃកាលពីសប្តាហ៍មុន ។
ការបញ្ចេញសាច់ដុំយោធានេះ ត្រូវបានគេចាត់ទុកជាសមយុទ្ធជើងទឹកអន្តរជាតិដ៏ធំបំផុតលើពិភពលោក និងត្រូវបានប្រារព្ធឡើងរៀងរាល់ ២ ឆ្នាំម្តង ។
យោងតាមគេហទំព័រ RIMPAC, មានប្រទេសប្រហែល ៣០ បានចូលរួមក្នុងសមយុទ្ធ Rim of the Pacific នៅឆ្នាំនេះ ដែលក្នុងនោះរួមមាន កូរ៉េខាងត្បូង ជប៉ុន កាណាដា និងអូស្ត្រាលីជាដើម ។
KCNA រាយការណ៍ថា សមយុទ្ធជើងទឹក Rim of the Pacific មិនមែនគ្រាន់តែជាសមយុទ្ធធម្មតាប្រឆាំងនឹងសត្រូវនោះទេ ប៉ុន្តែវាជាការបង្ហាញឥទ្ធិពលសង្គ្រាមរបស់អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលកំណត់គោលដៅប្រទេសនានានៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។
KCNA បញ្ជាក់ទៀតថា សកម្មភាពទាំងនេះហើយទើបកូរ៉េខាងជើងចាត់ទុកកូរ៉េខាងត្បូងជាសត្រូវទី១ របស់យើង និងជា អាយ៉ង របស់សហរដ្ឋអាមេរិក ។
បើតាម Reuters, នេះជាលើកដំបូងហើយ ក្នុងពេលប្រហែល ១ឆ្នាំ ៣ខែ ដែលកូរ៉េខាងជើងបានប្រើប្រាស់ពាក្យ “អាយ៉ង” ដើម្បីសំដៅលើកូរ៉េខាងត្បូង បន្ទាប់ពីមានឧប្បត្តិហេតុស្រដៀងគ្នានេះកាលពីខែមេសា ឆ្នាំ២០២៥ ។
ក្រៅពីរិះគន់, កូរ៉េខាងជើងថែមទាំងបានប្រកាសថា ប្រទេសសម្ព័ន្ធមិត្តទាំងពីរ ត្រូវតែទទួលខុសត្រូវចំពោះការដុតបញ្ឆេះនៃការកើនឡើងកម្តៅយោធា ដែលមិនអាចទាយទុកជាមុនបាន នៅក្នុងតំបន់ទ្វីបកូរ៉េ ៕
ប្រភព ៖ Reuters ប្រែសម្រួល ៖ ឈឹម ទីណា
