មីស៊ីលថ្មីរបស់រុស្ស៊ី អាចបាញ់ដល់រដ្ឋធានីអ៊ុយក្រែន ចាយពេលត្រឹម ២ នាទី
កៀវ ៖ អតីតរដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក Myhailo Fedorov បានថ្លែងអះអាងថា សមត្ថភាពមីស៊ីលបាលីស្ទីករបស់រុស្ស៊ី អាចចាយពេលត្រឹមតែ ២ ទៅ ៤នាទីប៉ុណ្ណោះ ដើម្បីហែកទម្លុះមេឃវាយប្រហារលើរដ្ឋធានីកៀវ ។
ការអះអាងនេះត្រូវបានធ្វើឡើង ខណៈពេលដែលអ៊ុយក្រែនកំពុងប្រឈមមុខនឹងការបាញ់ស្រោចជាបន្តបន្ទាប់ នូវមីស៊ីលបាលិស្ទីក មីស៊ីលនាំផ្លូវ និងយន្តហោះដ្រូនរបស់រុស្ស៊ី ដែលផ្តោតគោលដៅលើរដ្ឋធានីកៀវ ដែលជាបេះដូងសេដ្ឋកិច្ចរបស់អ៊ុយក្រេន ។
យុទ្ធសាស្រ្តបង្កើនការប្រើប្រាស់អាវុធធុនធ្ងន់របស់រុស្ស៊ី ត្រូវបានអ្នកវិភាគមើលឃើញថា ជាការឆ្លើយតបទៅនឹងយុទ្ធនាការដាក់ទណ្ឌកម្មចម្ងាយឆ្ងាយរយៈពេល ៤០ ថ្ងៃរបស់អ៊ុយក្រែន ដែលបានដាក់ចេញក្នុងគោលបំណងបង្កើនសម្ពាធបង្ខំឱ្យរុស្ស៊ីចូលតុចរចាបញ្ចប់សង្គ្រាមជាផ្លូវការ ។
បើតាម National security journal, មីស៊ីលដែលរុស្ស៊ីប្រើវាយប្រហារដ្ឋធានីកៀវរបស់អ៊ុយក្រែន រួមមានមីស៊ីលលឿនជាងសំឡេង និងមីស៊ីលបាលីស្ទីក ដូចជា Zircon, Kinzhal, និង Iskander ។
មីស៊ីល Zircon ជាប្រភេទមីស៊ីលនាំផ្លូវលឿនជាងសំឡេងចន្លោះពី ៨ ទៅ ៩ដង ឬមានល្បឿនប្រហែល ១១,០០០គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចវាយប្រហារគោលដៅក្នុងចម្ងាយចាប់ពី ៥០០ ដល់ ១,៥០០គីឡូម៉ែត្រ ។
រីឯមីស៊ីល Kinzhal ជាប្រភេទមីស៊ីលបាលិស្ទីកលឿនជាងសំឡេងចន្លោះពី ១០ ទៅ ១៣ដង ឬមានល្បឿនប្រហែល ១៥,០០០គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចវាយប្រហារគោលដៅក្នុងចម្ងាយចាប់ពី ១,៥០០ ដល់ ៣,០០០គីឡូម៉ែត្រ ។
ចំណែកមីស៊ីល Iskander ជាប្រភេទមីស៊ីលផ្លោងយុទ្ធសាស្រ្តចល័តរយៈចម្ងាយខ្លីលឿនជាងសំឡេងចន្លោះពី ៦ ទៅ ៧ដង និងអាចវាយប្រហារគោលដៅក្នុងចម្ងាយចាប់ពី ៥០០ គីឡូម៉ែត្រ ។
យោងតាម Kyiv independent, អ៊ុយក្រែនកំពុងជួបប្រទះកង្វះគ្រាប់មីស៊ីលស្ទាក់ចាប់សម្រាប់ប្រព័ន្ធសំណាញ់មេឃ Patriot ដែលជាប្រព័ន្ធការពារដែនអាកាសតែមួយគត់ អាចស្ទាក់ចាប់មីស៊ីលបាលីស្ទីករបស់រុស្ស៊ីបាន ។
ការខ្វះខាតនេះ ធ្វើឱ្យរុស្ស៊ីបង្កើនការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងក្លាលើទីក្រុងកៀវ ដោយបង្កឱ្យមានការខូចខាត និងបាត់បង់ជីវិតអាយុជីវិតប្រជាពលរដ្ឋអ៊ុយក្រែនជាបន្តបន្ទាប់ ។
យ៉ាងណាមិញ ដើម្បីឆ្លើយតបការគំរាមកំហែងពីមីស៊ីលរបស់រុស្ស៊ី, អ៊ុយក្រែន និងប្រទេសអឺរ៉ុបចំនួន ៩ បានប្រកាសបង្កើតសម្ព័ន្ធភាពការពារមីស៊ីលបាលីស្ទីកផ្លូវការមួយ ក្នុងអំឡុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស ។
សម្ព័ន្ធភាពថ្មីនេះ មានគោលបំណងរួមគ្នាអភិវឌ្ឍប្រព័ន្ធការពារដែនអាកាសថ្មីដែលមានតម្លៃធូរថ្លៃជាងមុន ដើម្បីប្រឆាំងនឹងការវាយប្រហារដោយមីស៊ីលបាលីស្ទីករបស់រុស្ស៊ី និងការពារផ្ទៃមេឃអឺរ៉ុបទាំងមូល នេះបើតាមកាសែតរ៉យទ័រ ៕
ប្រភព ៖ National security journal, Kyiv independent និងRetuers ប្រែសម្រួល ៖ ឈឹម ទីណា
