លោក Zelensky ប្រឈមមុខនឹងវិបត្តិនយោបាយកាន់តែធ្ងន់ធ្ងរ ខណៈការតវ៉ានៅតែបន្ត

កៀវ ៖ ខណៈដែលក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នា នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងការដកតំណែងរដ្ឋមន្ត្រីការពារជាតិ ដែលមាននិន្នាការកំណែទម្រង់នោះ, លោក ប្រធានាធិបតី Volodymyr Zelensky កំពុងប្រឈមមុខនឹងវិបត្តិនយោបាយដ៏បន្ទាន់បំផុតមួយ ចាប់តាំងពីមានប្រតិបត្តិការយោធារបស់រុស្ស៊ី ចូលលុកលុយប្រទេសនេះ។ នេះបើតាមការចេញផ្សាយរបស់ AFP។

ប្រភពបានឲ្យដឹងថា ការតវ៉ាដែលបង្កឡើងដោយការដកតំណែងរដ្ឋមន្ត្រីការពារជាតិ ដ៏មានប្រជាប្រិយភាព គឺលោក Mykhailo Fedorov ជាអ្នកដែលធ្លាប់មានជម្លោះជាញឹកញាប់ជាមួយថ្នាក់ដឹកនាំកំពូលនៃកងទ័ព ឥឡូវនេះ បានឈានចូលដល់ថ្ងៃទី៥ហើយ ដែលធ្វើឱ្យវាក្លាយជាបាតុកម្មដ៏យូរអង្វែងបំផុត និង មានទំនាក់ទំនងផ្ទាល់បំផុតទៅនឹងសង្គ្រាម។

មនុស្សរាប់ពាន់នាក់បានមកជួបជុំគ្នា នៅរដ្ឋធានី កៀវ តាំងពីសប្តាហ៍មុន ដោយកាន់បដាដែលធ្វើពីក្រដាសកាតុង និងច្រៀងបទចម្រៀងជាតិអ៊ុយក្រែន។ មនុស្សរាប់រយនាក់បានមកជួបជុំគ្នាម្តងទៀត នៅទី២០ ខែកក្កដា ទោះបីជាចំនួនអ្នកចូលរួមមានការថយចុះបន្តិច បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី កាលពីចុងសប្តាហ៍ក៏ដោយ។

នាង Anastasiia Starodubtseva អាយុ ២៥ឆ្នាំ បាននិយាយប្រាប់ AFP ថា នាងនិងអ្នកតវ៉ាផ្សេងទៀតនឹងបន្តស្នាក់នៅទីនោះ រហូតទាល់តែមានការផ្លាស់ប្តូរអ្វីមួយ។

ក្នុងស្ថានភាពនេះ, លោក Zelensky កំពុងព្យាយាមស្វែងរកដំណោះស្រាយ ដែលធ្វើឱ្យគ្រប់ភាគីពេញចិត្ត ដើម្បីជៀសវាងការបែកបាក់គ្នា នៅចំពេលដែលមាននូវអ្វីដែលលោកហៅថា ការឈ្លានពាន កំពុងបន្តកើតមាននោះ។

ជាក់ស្តែង អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដែលលោកបានចំណាយពេលប្រជុំ ជាមួយទីប្រឹក្សាជាន់ខ្ពស់ និងថ្នាក់ដឹកនាំយោធារបស់លោក។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ និងអ្នកជំនាញអ៊ុយក្រែន របៀបវារៈនៃការប្រជុំរួមមាន ៖ តើត្រូវនាំលោក Fedorov ត្រឡប់មកកាន់តំណែងវិញឬអត់ និង ជោគវាសនារបស់អគ្គមេបញ្ជាការ Oleksandr Syrsky ដែលកំពុងស្ថិតក្រោមសម្ពាធ។

យ៉ាងណា អ្នកនាំពាក្យការិយាល័យ ប្រធានាធិបតី បាននិយាយថា មិនទាន់មានការសម្រេចចិត្តណាមួយនៅឡើយទេ គិតត្រឹមថ្ងៃចន្ទ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner