អាមេរិក ចោទ អ៊ីរ៉ង់ ប្រើប្រាស់ច្រកសមុទ្រ Hormuz ជាឧបករណ៍ចរចា
វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានចោទប្រកាន់ប្រទេសអ៊ីរ៉ង់កំពុងព្យាយាមប្រើប្រាស់ច្រកសមុទ្រ Hormuz ជាឧបករណ៍ ដើម្បីដេញថ្លៃ ឬការចរចា ក្នុងអំឡុងពេលមានជម្លោះកំពុងបន្តនៅមជ្ឈិមបូព៌ា ។
ក្រៅពីចោទប្រកាន់អ៊ីរ៉ង់ចង់ប្រើប្រាស់ច្រកសមុទ្រយុទ្ធសាស្រ្តនេះជាឧបករណ៍ចរចា ប្រមុខការទូតកំពូលអាមេរិករូបនេះ ថែមទាំងបានជំរុញបណ្តាប្រទេសនានារួបរួមកម្លាំងគ្នាកាន់តែខ្លាំងក្លាឡើង ដើម្បីការពារផ្លូវនាវាចរណ៍អន្តរជាតិ ។
ការបិទច្រក Hormuz កំពុងធ្វើឲ្យនាវាឆ្លងកាត់ផ្លូវសមុទ្រយុទ្ធសាស្ត្រ ដែលធ្លាប់ដឹកជញ្ជូនប្រេង និងឧស្ម័នប្រហែល ២០ ភាគរយរបស់ពិភពលោកមួយនេះ ត្រូវជាប់គាំង ។
លោក Rubio បានប្រាប់ក្រុមអ្នកកាសែតកាលពីថ្ងៃ អាទិត្យ មុនចាកចេញទៅកាន់ប្រទេសហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសសមាគមអាស៊ានថា អាមេរិកនៅតែបើកចំហ ដើម្បីឈានដល់ដំណោះស្រាយការទូតជាមួយអ៊ីរ៉ង់ ។
យ៉ាងណាមិញ លោក Rubio បានសង្កត់ធ្ងន់ថា ប្រសិនបើផ្លូវការទូតបរាជ័យ នោះស្ថានភាពអាក្រក់នឹងកើតឡើងលើប្រទេសអ៊ីរ៉ង់ ។ ប៉ុន្តែលោកថា ជនជាតិអ៊ីរ៉ង់កំពុងផ្ញើសញ្ញាពីបំណងប្រាថ្នារបស់ពួកគេ ក្នុងការចរចាជាមួយអាមេរិក ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

