លោក Trump ៖ គ្មានការគំរាមកំហែង ចាប់ខ្លួនលោក Netanyahu នៅអាមេរិកទេ

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump អះអាងថា គ្មានការគំរាមកំហែងនៃការចាប់ខ្លួនលោក Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅលើទឹកដីសហរដ្ឋអាមេរិក នោះឡើយ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Tass នៅថ្ងៃអង្គារនេះ។

ប្រភពបានដកស្រង់សំណេររបស់លោក Donald Trump នៅលើបណ្តាញសង្គម Truth Social ដែលបានរៀបរាប់ថា មិនមានការគំរាមកំហែងនៃការចាប់ខ្លួន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅសហរដ្ឋអាមេរិក ក្រោមដីកាបង្គាប់របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ ICC នោះទេ។

លោក Trump បានសរសេរបែបនេះ ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Zohran Mamdani អភិបាលក្រុងញូវយ៉ក ដែលអះអាងថ្មីៗនេះថា
លោកកំពុងពិគ្រោះយោបល់ ជាមួយមេធាវីអំពីភាពស្របច្បាប់ ជុំវិញការឃាត់ខ្លួនលោក Netanyahu ដោយផ្អែកលើដីការបស់ ICC ប្រសិនបើនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ ឈានជើងចូលមកកាន់ទីក្រុងញូវយ៉ក។

លោក Netanyahu អាចធ្វើដំណើរ ទៅកាន់ទីក្រុងញូវយ៉ក ចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅខែកញ្ញាខាងមុខ។

លោក Trump រៀបរាប់ថា «លោក Benjamin Netanyahu នឹងមិនត្រូវបានចាប់ខ្លួនឡើយ មិនថាក្នុងទម្រង់ណាក៏ដោយ នៅពេលដែលលោកស្ថិតនៅក្នុងសហរដ្ឋអាមេរិក»។

លោក Netanyahu ត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ទាក់ទងនឹងប្រតិបត្តិការនៅក្នុងតំបន់ហ្គាហ្សា ចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner