ចិនរិះគន់តៃវ៉ាន់ជុំវិញការលុបឈ្មោះកម្ពុជាចេញពីកម្មវិធីសម្រួលទិដ្ឋាការក្រោយកម្ពុជាបន្តគាំទ្រចិនតែមួយ
ក្រសួងការបរទេសចិន បានចេញមុខរិះគន់អាជ្ញាធរតៃវ៉ាន់ ជុំវិញការដកកម្ពុជាចេញពីកម្មវិធីសម្រួលទិដ្ឋាការ ដោយចាត់ទុកវិធានការនេះថាជា ការបង្ខិតបង្ខំ និងបង្ហាញពីរបៀបវារៈបំបែកខ្លួនរបស់តៃវ៉ាន់ ខណៈកម្ពុជានៅតែបន្តប្រកាន់ជំហររឹងមាំលើគោលការណ៍ចិនតែមួយ។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានចេញមុខរិះគន់ខ្លាំងៗលើអាជ្ញាធរតៃវ៉ាន់ ដែលបានសម្រេចដកប្រទេសកម្ពុជា ចេញពីកម្មវិធីសម្រួលទិដ្ឋាការ ដោយសារតែកម្ពុជាបន្តប្រកាន់ជំហរឥតងាករេគាំទ្រគោលនយោបាយចិនតែមួយ។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានបញ្ជាក់ថា តៃវ៉ាន់ គឺជាផ្នែកមួយមិនអាចកាត់ផ្តាច់បាននៃដែនដីរបស់ប្រទេសចិន ដែលនេះជាការឯកភាពគ្នាយ៉ាងទូលំទូលាយនៅលើឆាកអន្តរជាតិ។ លោកបន្តថា ការយកវិធានការទិដ្ឋាការមកធ្វើជាឧបករណ៍បង្ខិតបង្ខំពីសំណាក់អាជ្ញាធរតៃវ៉ាន់ គឺជាភស្តុតាងចុងក្រោយបង្អស់ ដែលបង្ហាញយ៉ាងច្បាស់ពីធាតុពិតដ៏អាក្រក់នៃរបៀបវារៈបំបែកខ្លួនរបស់ពួកគេ។
សេចក្តីថ្លែងការណ៍ដដែលលើកឡើងថា ការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាចំពោះគោលការណ៍ចិនតែមួយ បានសបញ្ជាក់យ៉ាងច្បាស់ថា យុទ្ធសាស្ត្របំបែកខ្លួនរបស់អាជ្ញាធរតៃវ៉ាន់ គឺមិនទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិឡើយ ហើយក៏នឹងមិនអាចសម្រេចបានលទ្ធផលអ្វីនោះដែរ។
ជុំវិញករណីតៃវ៉ាន់ប្រកាសលុបឈ្មោះកម្ពុជាចេញពីកម្មវិធីសម្រួលទិដ្ឋាការ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានគូសបញ្ជាក់ថា ការសម្រេចចិត្តនេះគឺជាសិទ្ធិផ្ទាល់របស់តៃវ៉ាន់ ហើយកម្ពុជាក៏ពុំមានភាពចាំបាច់ណាមួយត្រូវធ្វើការចរចាជាមួយតៃវ៉ាន់លើបញ្ហានេះដែរ។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះបានអះអាងថា ការលុបឈ្មោះចេញពីកម្មវិធីសម្រួលនេះ មិនមែនជាការបិទផ្លូវធ្វើដំណើរទៅតៃវ៉ាន់នោះឡើយ។ ប្រជាពលរដ្ឋខ្មែរនៅតែអាចធ្វើដំណើរទៅកាន់កោះមួយនេះបានជាធម្មតា ដោយគ្រាន់តែត្រូវបំពេញបែបបទស្នើសុំទិដ្ឋាការទៅតាមលក្ខខណ្ឌថ្មី ដែលខាងតៃវ៉ាន់បានកំណត់។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៨រហូតមកដល់បច្ចុប្បន្ន ពលរដ្ឋកម្ពុជាអាចចូលតៃវ៉ាន់តាមរយៈកម្មវិធីពីរ ក្នុងនោះមានកម្មវិធីលើកលែងទិដ្ឋាការ និងកម្មវិធីសម្រួលលក្ខខណ្ឌទទួលទិដ្ឋាការ ប៉ុន្តែចាប់ពីថ្ងៃទី១សីហា ឆ្នាំ២០២៦តទៅ ពលរដ្ឋកម្ពុជាត្រូវទៅដាក់ពាក្យសុំទិដ្ឋាការតាមរយៈស្ថានទូត និងកុងស៊ុលតៃវ៉ាន់នៅបរទេស។
គ្មានការិយាល័យតំណាងតៃវ៉ាន់នៅកម្ពុជាទេ ព្រោះកម្ពុជាតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវ «គោលការណ៍ចិនតែមួយ» ដោយទទួលស្គាល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាតំណាងស្របច្បាប់តែមួយគត់នៃប្រទេសចិនទាំងមូល ហើយចាត់ទុកបញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ចិន៕






