អ៊ីស្រាអែល គ្រោងប្រើសត្វក្រពើយាមអ្នកទោសប៉ាឡេស្ទីន
ហ្ស៊េរុយសាឡឹម ៖ ប្រទេសអ៊ីស្រាអែលមានគោលបំណងប្រើប្រាស់សត្វក្រពើទន្លេ Nile ធ្វើជាឆ្មាំយាមកាម ចាំការពារ និងទប់ស្កាត់អ្នកទោសប៉ាឡេស្ទីន ដែលប៉ុនប៉ងរត់គេចខ្លួនចេញពីពន្ធធនាគារ ។
សំណើដ៏ចម្រូងចម្រាសនេះ ផ្តួចផ្តើមឡើងដំបូងដោយរដ្ឋមន្រ្តីសន្តិសុខជាតិស្តាំនិយមជ្រុលរបស់ប្រទេសអ៊ីស្រាអែល លោក Itamar Ben Gvir កាលពី ៦ខែមុន ដោយលោកបានអះអាងថា ការប្រើប្រាស់ក្រពើព្រៃ នឹងជួយពង្រឹងសន្តិសុខ ក៏ដូចជារារាំងការប៉ុនប៉ងហែកគុករបស់អ្នកទោស ។
បើតាម RT, ស្ថិតក្រោមគំនិតផ្តួចផ្តើមនេះ អ៊ីស្រាអែលនឹងជីកប្រឡាយទឹក ឬព្រែកព័ទ្ធជុំវិញពន្ធនាគារ រួចប្រលែងសត្វក្រពើចូល ដើម្បីកុំឱ្យអ្នកទោសអាចហែលទឹក ឬលួចគេចខ្លួនបានដោយងាយស្រួល ។
ប្រភពបានឱ្យដឹងថា មន្រ្តីអ៊ីស្រាអែលនឹងប្រើប្រាស់ក្រពើតូចៗមានតម្លៃប្រហែល ៨,០០០ ដុល្លារក្នុងមួយក្បាល ជំនួសឱ្យក្រពើពេញវ័យដែលអាចមានតម្លៃថ្លៃរហូតដល់ ២០,០០០ ដុល្លារក្នុងមួយក្បាល ។
ឧបសគ្គផ្លូវច្បាប់ដែលរារាំងផែនការនេះត្រូវបានលុបបំបាត់ហើយ បន្ទាប់ពីរដ្ឋមន្ត្រីការពារបរិស្ថានអ៊ីស្រាអែល លោកស្រី Idit Silman បានចុះហត្ថលេខាលើបទបញ្ជាមួយ ដើម្បីចាត់ថ្នាក់សត្វក្រពើទន្លេ Nile ឡើងវិញ ពោល ពី “សត្វព្រៃ” ទៅជា សត្វព្រៃដែលអាចរក្សាទុកក្នុងទីតាំងចិញ្ចឹមជាក់លាក់ណាមួយ រួមទាំងពន្ធធនាគារ ។
ទន្ទឹមគ្នា សេវាពន្ធនាគារអ៊ីស្រាអែល ក៏បានចាប់ផ្តើមពិនិត្យមើលលទ្ធភាពនៃគម្រោងនេះរួចហើយ រួមទាំងការទៅទស្សនាសួនសត្វ ដើម្បីសិក្សាពីតម្រូវការថែទាំ និងការគ្រប់គ្រងក្រពើ មុននឹងឈានទៅដល់ការអនុម័តច្បាប់ថ្មីមួយនេះ ។
យោងតាម Anadolu, បច្ចុប្បន្ន ជនជាតិប៉ាឡេស្ទីនប្រមាណ ៩.៥០០ នាក់ រាប់បញ្ចូលទាំងស្ត្រី និងកុមារ កំពុងជាប់ឃុំនៅក្នុងពន្ធនាគារអ៊ីស្រាអែល ។ បើតាមក្រុមសិទ្ធិមនុស្សប៉ាឡេស្ទីន និងអ៊ីស្រាអែល, អ្នកទោសទាំងនោះ បានប្រឈមមុខនឹងការបង្អត់អាហារ ការធ្វើទារុណកម្ម និងការមិនយកចិត្តទុកដាក់លើការព្យាបាលជំងឺ ដែលបានបណ្តាលឱ្យអ្នកទោសរាប់សិបនាក់ស្លាប់បាត់បង់ជីវិត ៕
ប្រភព ៖ RT និង Anadolu ប្រែសម្រួល ៖ ឈឹម ទីណា