លោក ត្រាំ សន្យាជួយ លីបង់ ស្វែងរកសន្តិភាពជាមួយ អ៊ីស្រាអែល
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថា នឹងជួយជ្រោមជ្រែងប្រទេសលីបង់ឱ្យអស់ពីលទ្ធភាព ដើម្បីជំរុញការរំសាយអាវុធរបស់ក្រុមហេសបូឡា និងការបង្កើតមាគ៌ាឆ្ពោះទៅរកសន្តិភាពជាមួយអ៊ីស្រាអែល ។
ការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងក្នុងជំនួបជាប្រវត្តិសាស្ត្រនៅសេតវិមាន កាលពី ថ្ងៃទី២១ ខែកក្កដា រវាងលោក ត្រាំ ជាមួយប្រធានាធិបតីលីបង់ លោក ចូសេហ្វ អាអូន ។ នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់មេដឹកនាំលីបង់រូបនេះ មកកាន់ទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីឆ្នាំ ២០០៩ ។
បើតាម Aljazeera, លោក ត្រាំ បានលើកឡើងថា ប្រទេសលីបង់បានប្រព្រឹត្តយ៉ាងអាក្រក់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ។ ប៉ុន្តែលោកថា អាមេរិកនឹងជួយលីបង់ ហើយនឹងជួយឱ្យបានច្រើន ។
បន្ថែមលើនេះ លោក ត្រាំ ក៏បានអះអាងដែរថា លោកអាចនឹងពិចារណាជួបពិភាក្សាដោយផ្ទាល់ជាមួយក្រុមប្រដាប់អាវុធហេសបូឡា ប្រសិនបើប្រធានាធិបតីលីបង់យល់ព្រម និងត្រូវការ ។
សម្រាប់លោក អាអូន វិញ បានអំពាវនាវស្នើសុំជំនួយដលកងកម្លាំងប្រដាប់អាវុធជាតិលីបង់ ហៅកាត់ LAF ដោយលោកបានអះអាងថា យោធានៅតែជាឆ្អឹងខ្នងនៃសន្តិសុខ និងស្ថិរភាព ។
លោក អាអូន ក៏បានគូសបញ្ជាក់ពីតម្រូវការបន្ទាន់ ចំពោះការដកកងទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីទឹកដីលីបង់ផងដែរ ។ លោក ត្រាំ បានឆ្លើយតបវិញថា លោកនឹងពិនិត្យមើលលើបញ្ហានោះ ។
ជាមួយគ្នានេះ លោក ត្រាំ បានប្រកាសអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិក បើកការហោះហើរត្រង់ទៅកាន់ប្រទេសលីបង់ឡើងវិញ បន្ទាប់ពីត្រូវបានផ្អាកអស់រយៈពេលជាង ៤០ឆ្នាំមកហើយ ៕
ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

