កម្ពុជាលើកឡើងក្នុងប្រជុំអាយឆា ជុំវិញបញ្ហាជនភៀសសឹកជាង២ម៉ឺននាក់ និងការរារាំងពីយោធាថៃ
នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងប្រជុំពិសេសលើកទី១ឆ្នាំ២០២៦ របស់គណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស ហៅកាត់ថា អាយឆា(ASEAN Intergovernmental Commission on Human Rights,AICHR) ចាប់ពីថ្ងៃទី១៧-២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា តំណាងរងកម្ពុជាប្រចាំអាយឆា និងជាសមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានលើកឡើងពីស្ថានភាពរបស់ប្រជាជនភៀសសឹកកម្ពុជាជាង២ម៉ឺននាក់ ដែលនៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញដោយសារការរារាំងពីសំណាក់យោធាថៃ តាមរយៈការរាយបន្លាលួស និងការដាក់ទូកុងតឺន័រ។
ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា បានបញ្ជាក់ជូនគណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ថា ការរារាំងពីសំណាក់យោធាថៃតាមរយៈការរាយបន្លាលួស និងការដាក់ទូកុងតឺន័ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ឯកឧត្តមក៏បានបញ្ជាក់ឡើងវិញនូវកិច្ចព្រមព្រៀងឈប់បាញ់ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសនៅក្នុងចំណុចទី៤ ចែងយ៉ាងច្បាស់ថា៖ “ភាគីទាំងពីរយល់ព្រមអនុញ្ញាតឱ្យជនស៊ីវិល ដែលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួក គេវិញឱ្យបានឆាប់បំផុត ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
ឯកឧត្តមបានអំពាវនាវឱ្យភាគីពាក់ព័ន្ធគោរពយ៉ាងពេញលេញនូវគោលការណ៍មនុស្សធម៌អន្តរជាតិ ការគោរពសិទ្ធិមនុស្ស ការការពារជនស៊ីវិល និងធានាថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់អាចវិលត្រឡប់ទៅលំនៅឋានវិញប្រកបដោយសុវត្ថិភាព ស្ម័គ្រចិត្ត សេចក្តីថ្លៃថ្នូរ និងនិរន្តរភាព។ ការខូចខាត ឬការបំផ្លិចបំផ្លាញវត្ថុស៊ីវិល រួមមានផ្ទះ សាលារៀន មណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ត្រូវតែទប់ស្កាត់ និងការពារស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិ។
យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃឱ្យដឹងថា គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៩ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានពលរដ្ឋចំនួន ២០.២៨១នាក់ ទៀត ក្នុងនោះស្ត្រី១០.៣៣១នាក់ និងកុមារ៦.០៦៦នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ បន្ទាប់ ពីភូមិករ និងផ្ទះសំបែងត្រូវបានយោធាថៃចូលកាន់កាប់ និងបំផ្លិចបំផ្លាញដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូល ជាធរមាន។ ព្រោះតែអំពើឈ្លានពាន និងការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅខេត្តឧត្តរមានជ័យ មានសាលារៀន៨កន្លែង និងមន្ទីរពេទ្យ/មណ្ឌលសុខភាព៥កន្លែងបន្តបិទទ្វារ ខេត្តបន្ទាយមានជ័យ មានសាលារៀន៥កន្លែង និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១កន្លែងបន្តបិទទ្វារ និងនៅខេត្តព្រះវិហារ មានសាលារៀន ៧កន្លែង និងមន្ទីរពេទ្យ/មណ្ឌលសុខភាព២កន្លែងទៀតបន្តបិទទ្វារ ខណៈការខូចខាតទ្រព្យសម្បត្តិសាធារណៈ និង ឯកជនជាច្រើនទៀតដែលក្រសួងបានកត់ត្រាទុក៕
ដោយ៖ពលជ័យ


