រុស្ស៊ី ព្រមានចំពោះមុខ អាមេរិក ថា ការបន្តផ្តល់អាវុធឲ្យ អ៊ុយក្រែន គឺជារឿងមិនអាចទទួយយកបាន
ម៉ានីល ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានព្រមាននៅចំពោះមុខសមភាគីអាមេរិកថា ការបន្តផ្គត់ផ្គង់អាវុធពីសំណាក់បណ្តាប្រទេសលោកខាងលិច ទៅកាន់អ៊ុយក្រែន គឺជាអ្វីដែលទីក្រុងម៉ូស្គូ មិនអាចទទួលយកបាននោះទេ ហើយថែមទាំងបង្កើនភាពតានតឹង កាន់តែខ្លាំងឡើង។
ការព្រមានរបស់លោក Sergey Lavrov ធ្វើឡើងក្នុងជំនួបជាមួយលោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីននៅថ្ងៃព្រហស្បតិ៍នេះ ។
បើតាម Anadolu, ក្នុងជំនួបប្រហែល ៣៧ នាទីនោះ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពនៃទំនាក់ទំនងការទូតទ្វេភាគី រវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន ជាពិសេសផ្ដោតលើការដោះស្រាយជម្លោះ នៅអ៊ុយក្រែន ដែលកំពុងឈានចូលឆ្នាំទី៥ ចាប់តាំងពីប្រទេសរុស្ស៊ីបានបើកប្រតិបត្តិការយោធាពិសេសរបស់ខ្លួន កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ។
ក្នុងនោះ លោក Lavrov បានបញ្ជាក់ជាថ្មីយ៉ាងមុតមាំ អំពីការប្តេជ្ញាចិត្តរបស់រុស្ស៊ី ចំពោះសំណើដែលសហរដ្ឋអាមេរិក បានលើកឡើង ក្នុងអំឡុងពេលកិច្ចចរចា នៅរដ្ឋអាឡាស្កា ។
ជាមួយគ្នានេះ លោក Sergey Lavrov ក៏បានកំណត់ខ្សែបន្ទាត់ក្រហម ឬ ដែនកំណត់ដាច់ខាត ចំពោះការបន្តហូរចូលនៃអាវុធពីលោកខាងលិចទៅកាន់ទីក្រុងកៀវ ដោយព្រមានលោក Rubio ថា ការបន្ថែមអាវុធគឺស្មើនឹងការបង្កើនភាពតានតឹងកាន់តែខ្លាំងឡើង ។
នេះគឺជាជំនួបលើកដំបូង រវាងប្រមុខការទូតទាំងពីរ ចាប់តាំងពីខែកញ្ញា ឆ្នាំមុនមក ។ ក្នុងនោះ លោក Lavrov និង លោក Rubio ក៏បានពិភាក្សាអំពីភាពតានតឹងដែលកំពុងបន្តកើតមាន នៅក្នុងតំបន់ឈូងសមុទ្រពែរ្ស ពោលគឺនៅចំពេលដែលមានជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងឡើងកម្តៅឡើងវិញ ៕
ប្រភព ៖ anadolu_reuters ប្រែសម្រួល ៖ សារ៉ាត