អាមេរិក ព្រមាន ក្រុមហ៊ូធី គួរនៅឱ្យឆ្ងាយពីសង្គ្រាមអ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ ប្រមុខការទូតកំពូលអាមេរិកព្រមានថា ក្រុមហ៊ូធីគួរតែនៅឱ្យឆ្ងាយពីជម្លោះសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ដោយអះអាងថា ក្រុមប្រដាប់អាវុធនេះ កំពុងតែត្រូវបានអ៊ីរ៉ង់បោកបញ្ឆោតឱ្យចូលរួមក្នុងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រាប់អ្នកយកព័ត៌មាននៅហ្វីលីពីន កាលពីថ្ងៃ ព្រហស្បតិ៍ ថា អ្នកដឹងទេ ក្រុមហ៊ូធីភាគច្រើនមានភាពឆ្លាតវៃ ហើយបាននៅឱ្យឆ្ងាយពីបញ្ហាពេញមួយជម្លោះ ។
ប៉ុន្តែពេលនេះ ពួកគេត្រូវបានអ៊ីរ៉ង់បោកបញ្ឆោតឱ្យលូកដៃចូលទៅក្នុងរឿងនេះដែរ តាមរយៈការតាមវាយប្រហារលើប្រទេសអារ៉ាប៊ីសាអូឌីត និងនាវាដឹកប្រេងរបស់ពួកគេ ។
យ៉ាងណាមិញ លោក Rubio មានវ័យ៥៥ឆ្នាំរូបនេះ សង្ឃឹមថា សភាពការណ៍នឹងថយចុះកម្តៅវិញ ហើយក្រុមហ៊ូធីគួរតែនៅឱ្យឆ្ងាយពីជម្លោះនេះ និងគួរតែបញ្ឈប់ការវាយប្រហារជាបន្ទាន់ ។
លោក Rubio បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់កំពុងអង្វរសុំរៀបចំការចរចាជាមួយសហរដ្ឋអាមេរិក និងធ្វើកិច្ចព្រមព្រៀង ។ ប៉ុន្តែ បញ្ហាគឺថា រាល់ពេលដែលអ៊ីរ៉ង់ធ្វើកិច្ចព្រមព្រៀង ពួកគេតែងតែបំពានវា ឬបន្ទាប់ពីពួកគេធ្វើវាហើយ ពួកគេចង់ផ្លាស់ប្តូរកិច្ចព្រមព្រៀងនោះ ។
ប្រមុខការទូតអាមេរិករូបនេះបន្ថែមថា អ៊ីរ៉ង់ប្រហែលជាមិនទាន់ត្រៀមខ្លួនធ្វើកិច្ចព្រមព្រៀងនៅឡើយទេ ប៉ុន្តែពួកគេនឹងរួចរាល់ក្នុងពេលឆាប់ៗនេះ ពីព្រោះតម្លៃដែលពួកគេកំពុងបង់ គឺខ្ពស់ខ្លាំងណាស់ ។
លោកថា តម្លៃនេះ នឹងបន្តកើនឡើងខ្ពស់ជារៀងរាល់យប់ រហូតដល់ពួកគេភ្ញាក់រលឹក ។ ហើយឥឡូវនេះ ពួកគេមិនទាន់ភ្ញាក់រលឹកនៅឡើយទេ ប៉ុន្តែអ៊ីរ៉ង់កំពុងតែបង់តម្លៃយ៉ាងធ្ងន់ធ្ងររួចទៅហើយ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

