អ៊ីរ៉ង់ នៅតែអាចផលិតមីស៊ីល និងដ្រូន នៅទីតាំងអាមេរិកមិនអាចដឹង
តេហេរ៉ង់ ៖ អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Abolfazl Shekarchi និយាយថា សហរដ្ឋអាមេរិក ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុត និងឧបករណ៍ស៊ើបការណ៍សម្ងាត់ជាច្រើន នៅតែមិនអាចរកឃើញទីតាំងផលិតមីស៊ីល ដែលនៅតែបន្តដំណើរការទាំងនោះបានទេ ។
ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ IRNA បានដកស្រង់សម្តីលោក Shekarchi រាយការណ៍ថា សូម្បីតែទីតាំងផលិតមីស៊ីលមួយចំនួនរបស់អ៊ីរ៉ង់ ក៏គូសត្រូវមិនបានដឹងដែរ ទោះបីពួកគេមានឧបករណ៍ និងបច្ចេកវិទ្យាស៊ើបការណ៍ទំនើបៗក៏ដោយ ។
ពួកគេមិនដឹងថា ទីតាំងទាំងនោះ ស្ថិតនៅឯណាទេ ឬក៏ពួកវាស្ថិតនៅតំបន់សមុទ្រ ។ អ្នកនាំពាក្យរូបនេះ អះអាងថា ការផលិតដ្រូន និងមីស៊ីលនៅអ៊ីរ៉ង់ មិនបានផ្អាកឡើយ ទាំងអំឡុងពេលសង្គ្រាម និងបទឈប់បាញ់ ។
បើតាមសារព័ត៌មានរុស្ស៊ី Tass, ការកើនឡើងភាពតានតឹងថ្មីៗក្នុងជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចាប់ផ្តើមកាលពីថ្ងៃទី០៨ ខែកក្កដា ។
ចាប់តាំងពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា MoU, សហរដ្ឋអាមេរិកបានបើកការវាយប្រហារជាច្រើនលើកលើទឹកដីអ៊ីរ៉ង់ ដោយអះអាងថា ជាការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាពាណិជ្ជកម្មមួយនៅច្រកសមុទ្រ ហ័រមូស ។
នៅថ្ងៃដដែលនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចប់បទឈប់បាញ់ជាមួយអ៊ីរ៉ង់ ។ ជាផ្នែកមួយនៃសកម្មភាពសងសឹករបស់ខ្លួន អ៊ីរ៉ង់បានចាប់ផ្តើមវាយប្រហារលើទីតាំងរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា រួមមានបារ៉ែន ហ្ស៊កដានី កាតា គុយវ៉ែត អេមីរ៉ាត់អារ៉ាប់រួម និងអូម៉ង់ ៕
ប្រភព ៖ Tass ប្រែសម្រួល ៖ ឈឹម ទីណា
