ប្រមុខ UN ៖ ស្ថានភាពមជ្ឈិមបូព៌ាស្ថិតនៅមាត់ជ្រោះនៃសោកនាដកម្ម នឹកស្មានមិនដល់
អ.ស.ប ៖ លោក Antonio Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ ហៅកាត់ UN បានព្រមាន កាលពីថ្ងៃព្រហស្បតិ៍ថា ជម្លោះដែលកំពុងបន្តនៅក្នុងតំបន់មជ្ឈិមបូព៌ា បានរុញច្រានតំបន់នេះឱ្យទៅដល់ «មាត់ជ្រោះនៃសោកនាដកម្ម ដែលនឹកស្មានមិនដល់»។
ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ, ប្រមុខ UN រូបនេះ រៀបរាប់ថា «ស្ថានភាពកំពុងតែហួសពីការគ្រប់គ្រង…វាស្ថិតនៅត្រង់ចំណុចដ៏គ្រោះថ្នាក់បំផុត ដែលនឹកស្មានមិនដល់…តំបន់នេះកំពុងត្រូវបានទាញចូលទៅក្នុងរង្វង់នៃការប្រឈមមុខដាក់គ្នា ដែលកាន់តែរីកធំឡើងៗ…វិបត្តិមួយនាំឱ្យកើតមានវិបត្តិមួយទៀត ហើយការកើនឡើងនៃភាពតានតឹងមួយ ក៏បង្កឱ្យមានការកើនឡើងនៃភាពតានតឹង បន្តបន្ទាប់ទៀត»។
លោក Antonio Guterres បានបន្ថែមថា «នៅពេលដែលសភាពការណ៍នេះរីករាលដាល គោលដៅនយោបាយនានាកាន់តែត្រូវបានបាំងបាត់ ដោយសារតែការប្រឈមមុខដាក់គ្នានោះឯង»។
ការព្រមានរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិរូបនេះ បានធ្វើឡើង ចំពេលដែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបង្កើនការវាយប្រហារគ្នា ជាង១០ថ្ងៃចុងក្រោយនេះ បើទោះបីជា គូរជម្លោះទាំងពីរ បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា កាលពីខែមិថុនា ក្រោមការសម្របសម្រួល ពីសំណាក់ប្រទេសប៉ាគីស្ថាន ក៏ដោយ ។
ជាងនេះទៀត អាមេរិកបានសម្រុកបញ្ជូនកម្លាំងនិងសម្ភារៈយោធា ទៅកាន់តំបន់មជ្ឈិមបូព៌ា ចំពេលមានការសង្ស័យថា អាមេរិក និងអ៊ីស្រាអែលអាចស្រាក់ដៃគ្នា វាយប្រហារឈុតធំជាថ្មី លើប្រទេសអ៊ីរ៉ង់៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
