ពិព័រណ៍អាពាហ៍ពិពាហ៍ឆ្នាំ២០២៦៖ រំលេចស្នូលវប្បធម៌ខ្មែរទៅកាន់ ឆាកអន្តរជាតិ
ភ្នំពេញ៖ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៣ ឆ្នាំ២០២៦ បានប្រារព្ធយ៉ាង មហាឡារឹកកាលពីព្រឹកថ្ងៃទី២៤ កក្កដា ២០២៦ ។លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ទុកការរៀបចំនេះដើម្បីអភិរក្ស ថែរក្សាវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ដូនតាខ្មែរ និងផ្សព្វផ្សាយការរៀប អាពាហ៍ពិពាហ៍ខ្មែរទៅកាន់ឆាកអន្តរជាតិ ហើយបញ្ចៀសបាននូវការ ភ័ន្តច្រឡំជាមួយ នឹងប្រទេសដទៃ។
ក្នុងពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៣ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅ ដឹ ព្រេមៀ សែនសុខ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ ជាពិសេសបានធ្វើឱ្យពិព័រណ៍នេះមានទំហំកាន់តែធំ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយក៏ក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់ការជួបជុំរវាងអ្នកផ្តល់សេវារៀបចំអាពាហ៍ពិពាហ៍ និងអតិថិជន សម្រាប់ស្វែងយល់អំពីមង្គលការខ្មែរឱ្យបានកាន់តែជ្រៅជ្រះ។
លោកជំទាវបណ្ឌិតបានគូសរំលេចថា អាពាហ៍ពិពាហ៍ គឺជាពេលវេលាដែលកូនក្រមុំ កូនកំលោះឈានទៅបង្កើតគ្រួសារមួយថ្មីដ៏មានសុភមង្គល ការប្តេជ្ញាក្នុងការកសាងជិវិតគ្រួសារ ដោយសេចក្តីស្រឡាញ់ ភក្តីភាព ទំនួលខុសត្រូវ និងភាពសុខុដុមរមនា ជាពេលដែលញាតិមិត្តបានដឹងឮ ហើយក៏ជាពេលរំលឹកដល់មេបា ដូនតា ចាស់ទុំ គុណបំណាច់អ្នកជំនាន់មុន ដែលបានបន្សល់ទុកឱ្យយើង។
លោកជំទាវបណ្ឌិតក៏បានរំលឹកផងដែរអំពីការតុបតែង និងការស្លៀកពាក់ នៅក្នុងពិធី អាពាហ៍ពិពាហ៍ខ្មែរនាសម័យមុន ហើយធៀបនឹងសម័យបច្ចុប្បន្ននេះគឺមានភាពខុសគ្នា ព្រោះការវិវត្តនៃសង្គមនាំឱ្យមានការច្នៃប្រឌិតច្រើន ប៉ុន្តែរាល់ការច្នៃប្រឌិត គឺត្រូវមានឫសគល់, រាល់ការធ្វើទំនើបកម្មមិនត្រូវភ្លេចអត្តសញ្ញាណដើមបានឡើយ ហើយការកែច្នៃគឺមិនគួរក្លាយជាការកែបោះចោលអត្ថន័យដើមទេ។
ដើម្បីឱ្យពិធីមង្គលការខ្មែរកាន់តែមានអត្ថន័យរស់រវើកលោកជំទាវបណ្ឌិត ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនដែលក្នុងនោះ ក្រសួងស្ថាប័នត្រូវបន្តស្រាវជ្រាវនិងផ្សព្វផ្សាយចំណេះដឹងពីអាពាហ៍ពិពាហ៍ខ្មែរឱ្យបានទូលំទូលាយ ចែករំលែកដល់យុវជន និងអាជីវករ។ ចំណែកអ្នកប្រកបអាជីវកម្មមង្គលការ និងអ្នករៀបចំពិព័រណ៍ ត្រូវប្រើភាពច្នៃប្រឌិតដោយគោរពតាមទម្រង់ និងអត្ថន័យដើម ដើម្បីរួមគ្នាថែរក្សាប្រពៃណី។គូស្រករថ្មីគប្បីសិក្សាស្វែងយល់ពីអត្ថន័យនៃកិច្ចពិធីនានាមុនរៀបការ ដើម្បីឱ្យថ្ងៃមង្គលការកាន់តែមានន័យជ្រាលជ្រៅសម្រាប់ខ្លួនឯង គ្រួសារ និងកូនចៅជំនាន់ក្រោយ។លោកជំទាវលើក ទឹកចិត្តឱ្យប្រើប្រាស់ផ្កា ផ្លែឈើ សិប្បកម្ម និងស្នាដៃអ្នកជំនាញខ្មែរ ដើម្បីរួមចំណែកលើកស្ទួយវប្បធម៌ផង និងជួយជំរុញសេដ្ឋកិច្ចមូលដ្ឋានផង។
ទន្ទឹមនឹងនេះលោកជំទាវបណ្ឌិត ក៏បានអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបានផ្តល់ការណែនាំ គាំទ្រ និងបង្ហាញអំពីការវិវត្តនៃសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរ តាមសម័យកាល ស្របតាមខ្លឹមសារបច្ចេកទេសគុណតម្លៃប្រពៃណីខ្មែរ ។
គួររំលឹកថា នេះជាលើកទី៣ហើយដែលពិព័រណ៍អាពាហ៍ពិពាហ៍ត្រូវបានរៀបចំធ្វើឡើង ក្នុងគោលបំណងអភិរក្ស ថែរក្សាវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ដូនតាខ្មែរ និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីខ្មែរ ការរៀបអាពាហ៍ពិពាហ៍ខ្មែរ ទៅកាន់ឆាកអន្តរជាតិ ឱ្យស្គាល់អំពីអត្តសញ្ញាណ អរិយធម៌ លក្ខណៈ រចនាបថខ្មែរ ក្នុងបំណងការពារ កុំឱ្យមានការភ័ន្តច្រឡំជាមួយនឹងប្រទេសដទៃ៕












ដោយ៖ ស៊ូ វណ្ណលុក