សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមនាចុងខែកក្កដានេះ
ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាមរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។
ដំណើរទស្សនកិច្ចផ្លូវការនាពេលខាងមុខធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man)ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ រឹងមាំ និងស៊ីជម្រៅ ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្រោមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។
ក្នុងអំឡុងពេលទស្សនកិច្ច សម្តេចប្រធានរដ្ឋសភា គ្រោងជួបសម្តែងការគួរសមជាមួយ ឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋវៀតណាម, ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម ព្រមទាំងជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាមផងដែរ។
ប្រភពរដ្ឋសភាបានឱ្យដឹងថា ក្នុងឱកាសនេះគណៈប្រតិភូអមដំណើរដែលជាសមាជិកគណៈកម្មការជំនាញនៃរដ្ឋសភាកម្ពុជា ក៏នឹងមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយសមភាគីវៀតណាម ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកព័ត៌មានរវាងគ្នានិងគ្នា។
ក្រៅពីនេះគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាក៏គ្រោងអញ្ជើញទស្សនកិច្ចទីតាំងសំខាន់ៗ រួមមាន តំបន់ឧស្សាហកម្ម តំបន់វប្បធម៌ ទេសចរណ៍ និងមន្ទីរពេទ្យនៃប្រទេសវៀតណាមផងដែរ៕
ដោយ៖ស៊ូ វណ្ណលុក