អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក
កៀវ ៖ ប្រទេសអ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២២ ខែកក្កដា ។
កម្មវិធី “Drone Dominance” គឺជាគម្រោងប្រកួតប្រជែង និងអភិវឌ្ឍបច្ចេកវិទ្យាយោធា ដែលមានតម្លៃប្រហែល ១,១០០ លានដុល្លារសម្រាប់ឆ្នាំ ២០២៦-២០២៧ ដែលដាក់ដំណើរការដោយក្រសួងការពារជាតិ ។
ក្នុងកម្មវិធីនោះ ក្រុមហ៊ុនអ៊ុយក្រែនចំនួន ៦ ទទួលបានការអនុញ្ញាតឱ្យនាំចេញយន្តហោះដ្រូនសរុបចូលគ្នាប្រហែល ១០០ គ្រឿង ។
បើតាម Defence24, គោលបំណងនៃកម្មវិធីនេះ គឺមន្ទីរបញ្ចកោណចង់យកយន្តហោះដ្រូនប្រយុទ្ធធុនតូចៗមកធ្វើការប្រកួតប្រជែង និងធ្វើតេស្តសាកល្បងក្នុងស្ថានភាពត្រាប់តាមសមរភូមិពិតប្រាកដ ។
ម្យ៉ាង សហរដ្ឋអាមេរិកចង់រៀនសូត្រពីបទពិសោធន៍ និងការច្នៃប្រឌិតបច្ចេកវិទ្យារបស់អ៊ុយក្រែន ដែលបានឆ្លងកាត់ការប្រើប្រាស់ជាក់ស្តែងក្នុងសមរភូមិសង្គ្រាមជាមួយរុស្ស៊ី ។
យន្តហោះដ្រូនរបស់អ៊ុយក្រែន ដែលទទួលភាពជោគជ័យខ្លាំង ក្នុងអំឡុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី បានជំរុញឱ្យមានតម្រូវការខ្ពស់ពីបណ្តាប្រទេសនានា ដែលចង់រៀនសូត្រពីបទពិសោធន៍ និងទិញដ្រូនគ្រប់ម៉ូដែលរបស់អ៊ុយក្រែន សម្រាប់ការសាកស្បង ។
ជាក់ស្ដែង អាមេរិកបានចុះកិច្ចព្រមព្រៀងទិញយន្តហោះដ្រូនរបស់អ៊ុយក្រែន បន្ទាប់ពីភាគីទាំងពីរបានចរចាលើកិច្ចព្រមព្រៀងយន្តហោះដ្រូនទ្រង់ទ្រាយធំមួយកាលពីប៉ុន្មានខែមុន ។
ក្រៅពីសហរដ្ឋអាមេរិក, អ៊ុយក្រែនក៏បានចុះកិច្ចព្រមព្រៀងយន្តហោះដ្រូនជាមួយបណ្តាប្រទេសមួយចំនួនទៀត នៅអឺរ៉ុប និងមជ្ឈិមបូព៌ាផងដែរ ដែលមានដូចជា អារ៉ាប៊ីសាអូឌីត កាតា និងអារ៉ាប់រួមជាដើម ៕
ប្រភព ៖ Reuters និង Defence24 ប្រែសម្រួល ៖ ឈឹម ទីណា