លោក ត្រាំ ថា មិនទាន់សម្រេចចិត្តវាយប្រហារឈុតធំលើអ៊ីរ៉ង់ទេ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump និយាយកាលពីថ្ងៃសុក្រថា លោកមិនទាន់សម្រេចចិត្តលើការវាយប្រហារទ្រង់ទ្រាយធំទៅលើអ៊ីរ៉ង់ទេ ខណៈទីក្រុងតេហេរ៉ង់ កំពុងបង្ហាញភាពម៉ត់ចត់ ក្នុងការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន។
ការលើកឡើងរបស់លោកបានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា លោក Trump ដែលកាន់តែមានការខឹងសម្បារ បានជួបជាមួយទីប្រឹក្សាជាន់ខ្ពស់ ដើម្បីពិភាក្សាអំពីការបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ប្រឆាំងនឹងអ៊ីរ៉ង់។
លោកបានប្រាប់អ្នកសារព័ត៌មាន នៅក្នុងការិយាល័យរាងពងក្រពើឲ្យដឹងថា «ទេ ខ្ញុំមិនទាន់សម្រេចចិត្តទេ… យើងកំពុងចរចាជាមួយពួកគេ នៅពេលនេះ។ ខ្ញុំគិតថា ពួកគេកាន់តែមានភាពម៉ត់ចត់ឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រហែលជាដោយសារហេតុផលច្បាស់លាស់ណាមួយ»។
លោក Trump បាននិយាយថា អ៊ីរ៉ង់មានជម្រើសរវាងការឈានដល់កិច្ចព្រមព្រៀង ឬការប្រឈមមុខនឹងការវាយប្រហារ ក្នុងកម្រិតធ្ងន់ធ្ងរជាងមុនឆ្ងាយ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកអស់រយៈពេលជិតពីរសប្តាហ៍ ដែលបានធ្វើឱ្យកិច្ចព្រមព្រៀងឈប់បាញ់ត្រូវបរាជ័យទាំងស្រុង។ លោក Trump បញ្ជាក់ឡើងវិញនូវជំហររបស់លោកថា «ខ្សែបន្ទាត់ក្រហម» ឬដែនកំណត់របស់លោក គឺប្រសិនបើអ៊ីរ៉ង់ខិតជិតដល់ការផលិតអាវុធនុយក្លេអ៊ែរ។
សហរដ្ឋអាមេរិកនិយាយថា ខ្លួនកំពុងធ្វើការវាយប្រហារទាំងនេះដើម្បីទប់ស្កាត់កុំឱ្យអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz ដែលមានសារៈសំខាន់ខ្លាំង។ អ៊ីរ៉ង់បានឆ្លើយតបវិញដោយការវាយប្រហារទៅលើមូលដ្ឋានទ័ពអាមេរិក ដែលបានសម្លាប់យោធាអាមេរិកចំនួន ៤ នាក់។
សង្គ្រាមដែលលោក Trump ធ្លាប់បានព្យាករណ៍ថា នឹងមានរយៈពេល ៤ ឬ ៥ សប្តាហ៍នោះ ឥឡូវនេះ កំពុងឈានចូលដល់ខែទី ៥ ហើយ ហើយវាកំពុងជះឥទ្ធិពលដល់កម្រិតនៃការគាំទ្រចំពោះរូបលោក មុនពេលការបោះឆ្នោត ពាក់កណ្តាលអាណត្តិដ៏សំខាន់ នៅខែវិច្ឆិកា៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត