លោក Zelensky ថា រុស្ស៊ីចង់បានទ័ពកូរ៉េខាងជើង៣ម៉ឺននាក់បន្ថែម យកមកសង្គ្រាម
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានថ្លែង កាលពីថ្ងៃសៅរ៍ថា រុស្ស៊ីចង់នាំយកទាហានកូរ៉េខាងជើង ចំនួន៣ម៉ឺននាក់បន្ថែម មកចូលរួមក្នុងសង្គ្រាម ដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះ ហើយកំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលពួកគេ។ នេះបើតាមការចេញផ្សាយរបស់ straits times។
ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងការពារជាតិទៅវិញទៅមក, កូរ៉េខាងជើងបានបញ្ជូនទាហានប្រមាណ ១៤,០០០នាក់ ទៅកាន់តំបន់ Kursk របស់រុស្ស៊ី ក្នុងឆ្នាំ២០២៤ ដើម្បីជួយទីក្រុងម៉ូស្គូ ក្នុងការទប់ទល់នឹងការវាយលុកដ៏ធំមួយចូលទៅក្នុងតំបន់នោះ ដោយកងកម្លាំងអ៊ុយក្រែន។
លោក Zelensky បានថ្លែងនៅក្នុងសុន្ទរកថា ជាវីដេអូនៅពេលយប់ជាប្រចាំរបស់លោកថា «យើងក៏បានឃើញពីកិច្ចសហប្រតិបត្តិការរបស់រុស្ស៊ីជាមួយកូរ៉េខាងជើងផងដែរ។ រុស្ស៊ីចង់នាំយកទាហានកូរ៉េខាងជើងចំនួន ៣០,០០០នាក់បន្ថែមទៀត»។
លោកបានបន្តថា «ការត្រៀមរៀបចំដើម្បីទទួលពួកគេត្រូវបានធ្វើឡើងនៅក្នុងតំបន់ Voronezh របស់រុស្ស៊ី ចាប់តាំងពីខែមិថុនាមកម្ល៉េះ»។
លោក Zelensky បាននិយាយថា កូរ៉េខាងជើងកំពុងត្រៀមខ្លួនផ្គត់ផ្គង់ដល់រុស្ស៊ីនូវឧបករណ៍បាញ់បង្ហោះថ្មីៗសម្រាប់មីស៊ីលផ្លោង ឬ ballistic missiles។
លោកបានមានប្រសាសន៍ថា «នេះមិនមែនជាការគំរាមកំហែងដល់តែអ៊ុយក្រែនប៉ុណ្ណោះទេ។ រុស្ស៊ីកំពុងជួយកូរ៉េខាងជើងឱ្យរៀនពីរបៀបធ្វើសង្គ្រាម កែលម្អអាវុធរបស់ខ្លួន និងទទួលបានបទពិសោធន៍ប្រយុទ្ធជាក់ស្តែងក្នុងការប្រើប្រាស់អាវុធទាំងនោះ»។
«ទាំងអស់នេះបង្កជាការគំរាមកំហែងដល់គ្រប់ប្រទេសទាំងអស់នៅក្នុងទ្វីបអាស៊ី ដែលស្ថិតនៅក្នុងរយៈចម្ងាយ ដែលអាចបាញ់ទៅដល់ ពីសំណាក់មីស៊ីលរបស់កូរ៉េខាងជើង»៕
ប្រភព ៖ straits times ប្រែសម្រួល ៖ សារ៉ាត