ប្រធានាធិបតីស៊ីរី ថា នឹងស្វែងរកកិច្ចព្រមព្រៀងសន្តិសុខជាមួយ អ៊ីស្រាអែល
ដាម៉ាស់ ៖ ប្រធានាធិបតីរបស់ប្រទេសស៊ីរី លោក Ahmed al-Sharaa ប្រកាសថា ស៊ីរីកំពុងស្វែងរកការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិសុខជាមួយអ៊ីស្រាអែល ដោយមានការចូលរួមពីបណ្តាប្រទេសមួយចំនួនទៀត ។
ក្នុងបទសម្ភាសន៍ផ្តាច់មុខ ជាមួយ Al Jazeera កាលពីថ្ងៃ អាទិត្យ លោក Sharaa និយាយថា កិច្ចព្រមព្រៀងនេះ នឹងជួយបើកផ្លូវឆ្ពោះទៅរកមាគ៌ាសន្តិភាពគ្រប់ជ្រុងជ្រោយរវាងស៊ីរី-អ៊ីស្រាអែល ។
ប៉ុន្តែលោកថា នៅក្រោមកិច្ចព្រមព្រៀងសន្តិសុខនោះ ស៊ីរីនឹងមិនបោះបង់ចោលសិទ្ធិស្របច្បាប់លើតំបន់ Golan Heights ដែលជាតំបន់អ៊ីស្រាអែលបានដណ្តើមយកពីស៊ីរី ក្នុងអំឡុងសង្គ្រាម ៦ថ្ងៃនៅឆ្នាំ ១៩៦៧ និងបានកាត់យកជាផ្លូវការនៅឆ្នាំ ១៩៨១ នោះឡើយ ។
ជាមួយគ្នានេះ ស៊ីរីក៏កំពុងព្យាយាមផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រុមប្រទេសមួយចំនួនធំ ដើម្បីដាក់សម្ពាធអ៊ីស្រាអែលឱ្យអនុវត្តគោលនយោបាយ ដែលមានតុល្យភាពជាងមុនចំពោះស៊ីរី ។
ប៉ុន្តែមេដឹកនាំស៊ីរីរូបនេះ បានសង្កត់ធ្ងន់ថា ស៊ីរីក៏បាននឹងកំពុងចៀសវាងការប៉ះទង្គិចគ្នាផ្នែកយោធាជាមួយអ៊ីស្រាអែល និងចង់ឱ្យកងទ័ពអ៊ីស្រាអែលដកខ្លួនចេញពីតំបន់ទ្រនាប់ ដែលខ្លួនបានចូលកាន់កាប់ ក្រោយការដួលរលំរបបដឹកនាំរបស់លោកប្រធានាធិបតី Bashar al-Assad ផងដែរ ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

