ក្រសួងអប់រំកំណត់មណ្ឌលប្រឡងបាក់ឌុបឆ្នាំនេះចំនួន ២៤៤ មណ្ឌល ស្មើនឹង៦,២០៧ បន្ទប់
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំមណ្ឌលប្រឡងបាក់ឌុបសរុបចំនួន ២៤៤ មណ្ឌល ស្មើនឹង ៦,២០៧ បន្ទប់ នៅទូទាំងប្រទេសសម្រាប់ឆ្នាំនេះ។
សម្រាប់ដំណើរកាលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡងឆ្នាំ២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡាបានកំណត់កាលបរិច្ឆេទប្រឡងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ដោយបានគ្រោងមណ្ឌលប្រឡងសរុបចំនួន ២៤៤ មណ្ឌល ស្មើនឹង ៦,២០៧ បន្ទប់នៅទូទាំងប្រទេស។
ផ្អែកតាមទិន្នន័យផ្លូវការរបស់ក្រសួងអប់រំ ការប្រឡងឆ្នាំនេះត្រូវបានបែងចែកជាពីរថ្នាក់ចម្បង រួមមាន៖ ថ្នាក់វិទ្យាសាស្ត្រចំនួន ៦៨ មណ្ឌល ស្មើនឹង ១,៥៣៣ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ១៧៦ មណ្ឌល ស្មើនឹង ៤,៦៧៤ បន្ទប់។
បើតាមក្រសួងអប់រំក្នុងចំណោមរាជធានី និងខេត្តទាំង២៥ គឺរាជធានីភ្នំពេញមានចំនួនមណ្ឌល និងបន្ទប់ប្រឡងច្រើនជាងគេរហូតដល់ ៣៦ មណ្ឌល មាន ១,១៩៣ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន ១៣ មណ្ឌល (៤០៥ បន្ទប់)។ បន្ទាប់មកគឺខេត្តកណ្តាលមាន ២០ មណ្ឌល ស្មើនឹង៥៥៦ បន្ទប់ និងខេត្តសៀមរាបចំនួន ១៦ មណ្ឌលស្មើនឹង៤៧១ បន្ទប់។
ចំពោះបណ្តាខេត្តផ្សេងៗទៀតរួមមាន ខេត្តព្រៃវែងចំនួន ១៧ មណ្ឌល, ខេត្តតាកែវមាន ១៧ មណ្ឌល , ខេត្តកំពង់ចាមមាន ១៦ មណ្ឌល , ខេត្តបាត់ដំបងមាន ១៤ មណ្ឌល , ខេត្តកំពង់ស្ពឺមាន ១៣ មណ្ឌល និងខេត្តកំពង់ធំមាន ១៣ មណ្ឌល។
ដោយឡែក ខេត្តកំពតមាន ១០ មណ្ឌល, ខេត្តត្បូងឃ្មុំមាន ១០ មណ្ឌល, ខេត្តបន្ទាយមានជ័យមាន ៨ មណ្ឌល, ខេត្តកំពង់ឆ្នាំងមាន ៨ មណ្ឌល, ខេត្តស្វាយរៀងមាន ៨ មណ្ឌល, ខេត្តពោធិ៍សាត់មាន ៦ មណ្ឌល, ខេត្តក្រចេះមាន ៥ មណ្ឌល, ខេត្តព្រះសីហនុមាន ៥ មណ្ឌល និងខេត្តព្រះវិហារមាន ៤ មណ្ឌល។
សម្រាប់ខេត្តដែលមានចំនួនមណ្ឌលប្រឡងតិចជាងគេមានដូចជា ខេត្តកោះកុង, ស្ទឹងត្រែង, រតនគីរី, ឧត្តរមានជ័យ មានចំនួន ៣ មណ្ឌលដូចៗគ្នា ខណៈដែលខេត្តមណ្ឌលគីរី, កែប និងប៉ៃលិន មានចំនួន ២ មណ្ឌលដូចគ្នា៕
ដោយ៖ទួន សុផល




