កូរ៉េខាងជើង រិះគន់ អាស៊ាន ដែលស្វែងរកការលុបបំបាត់អាវុធនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ
ព្យុងយ៉ាង ៖ លោកស្រី គីម យ៉ូចុង ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃ ចន្ទ នេះ បានចេញមុខរិះគន់ធ្ងន់ៗលើសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន ដែលស្វែងរកឧបទ្វីបកូរ៉េដែលគ្មានអាវុធនុយក្លេអ៊ែរ ដោយបានចាត់ទុកជំហរនេះថា ជារឿង “ល្ងង់ខ្លៅ និងឆ្កួតលីលា” ។
បើតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េ KCNA, លោកស្រី គីម យ៉ូចុង បានសម្តែងការមិនពេញចិត្តជាខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់វេទិកាតំបន់អាស៊ាន ដែលបានធ្វើឡើងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយលោកស្រីចាត់ទុកថា អាស៊ានកំពុងដើរតាមការញុះញង់របស់សហរដ្ឋអាមេរិក ។
លោកស្រីនិយាយថា គំនិតរំសាយអាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើង គឺជាការគិតដែលបាត់បង់តថភាពជាក់ស្តែង និងជា “ការយល់សប្តិដ៏ល្ងង់ខ្លៅ” ព្រោះឋានៈជាប្រទេសមានអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ត្រូវបានចាក់គ្រឹះនៅក្នុងរដ្ឋធម្មនុញ្ញតាំងពីឆ្នាំ ២០២៣ រួចទៅហើយ ។
ស្រី្តដ៏មានឥទ្ធិពលនៅកូរ៉េខាងជើងរូបនេះ បានព្រមានថា អាស៊ានគួរតែប្រុងប្រយ័ត្ន និងកុំបណ្តោយឱ្យខ្លួនក្លាយជាឧបករណ៍បំពងសំឡេង ដែលបម្រើឱ្យផលប្រយោជន៍នយោបាយរបស់សហរដ្ឋអាមេរិក ។
បើតាមការលើកឡើងរបស់លោកស្រី គីម យ៉ូចុង, កូរ៉េខាងជើងសូមអះអាងជាថ្មីថា កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជា “ខ្សែបន្ទាត់ដែលមិនអាចថយក្រោយបានឡើយ” ។
គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងបានប្រកាសខ្លួនឯងម្តងហើយម្តងទៀតថា ជារដ្ឋនុយក្លេអ៊ែរដែលមិនអាចកែប្រែបាន ចាប់តាំងពីជំនួបកំពូលឆ្នាំ ២០១៩ រវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ បានបរាជ័យ ពាក់ព័ន្ធនឹងការលុបបំបាត់អាវុធនុយក្លេអ៊ែរ និងការបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
