លោក ពូទីន ថា រុស្ស៊ីជាអ្នកធានាតែមួយគត់ចំពោះបូរណភាពទឹកដីរបស់អ៊ុយក្រែន

មូស្គូ ៖ «រុស្ស៊ីជាអ្នកធានាតែមួយគត់ចំពោះបូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយ ក្រុងកៀវនឹងបាត់បង់ទឹកដីភាគខាងលិចរបស់ខ្លួន ឲ្យទៅប្រទេសក្បែរខាង ចំនួន៣ផ្សេងទៀត មិនយូរមិនឆាប់» នេះគឺជាការថ្លែងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។

យោងតាម TASS, មេដឹកនាំវិមានក្រឹមឡាំង បានអះអាងបែបនេះ អំឡុងកិច្ចប្រជុំមួយជាមួយកងទ័ពជើងទឹករុស្ស៊ី នៅទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានមានប្រសាសន៍ថា «ខ្ញុំជឿជាក់ថា មិនយូរមិនឆាប់ អ៊ុយក្រែននឹងបាត់បង់ទឹកដីភាគខាងលិចទាំងនេះ ដែលជាទឹកដីធ្លាប់ជារបស់ប្រទេសប៉ូឡូញ ហុងគ្រី និង រូម៉ានី»។

លោកបន្តទៀតថា «ការបាត់បង់នេះអាចនឹងមិនកើតឡើងនៅថ្ងៃស្អែក ឬថ្ងៃបន្ទាប់ពីថ្ងៃស្អែកនោះទេ។ តែវាអាចនឹងចំណាយពេលមួយឆ្នាំ, ពីរឆ្នាំ ១០ឆ្នាំ ឬ ១៥ឆ្នាំ ប៉ុន្តែ នៅទីបំផុត ប្រវត្តិសាស្ត្រនឹងដាក់អ្វីៗគ្រប់យ៉ាងត្រឡប់ទៅរកស្ថានភាពដើមវិញ»។

ជាមួយគ្នានេះ លោក វ្ល៉ាឌីមៀ ពូទីន អះអាងបន្ថែមថា រុស្ស៊ីគឺជាអ្នកធានាតែមួយគត់ចំពោះបូរណភាពទឹកដីរបស់អ៊ុយក្រែន ប៉ុន្តែ ទីក្រុងកៀវបានប្រកាសចាត់ទុកទីក្រុងមូស្គូជាសត្រូវរបស់ខ្លួន ទៅវិញ។

យ៉ាងណាមិញ លោក ពូទីន មិនបានពន្យល់ថាហេតុអ្វីបានជាអ៊ុយក្រែនគួរតែបាត់បង់ទឹកដីភាគខាងលិចរបស់ខ្លួននោះទេ។

ការថ្លែងយ៉ាងដូច្នេះ របស់លោកពូទីន កើតមានចំពេលដែលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលអូសបន្លាយពេលចូលដល់ឆ្នាំទី៥ បានឡើងកម្តៅឡើងវិញ នៅរយៈពេលប៉ុន្មានសប្តាហ៍ ចុងក្រោយនេះ៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner