យេម៉ែន ថា ហ៊ូទី យកគំរូបិទផ្លូវទឹកអ៊ីរ៉ង់ មកអនុវត្តនៅសមុទ្រក្រហម
សាណា ៖ លោកស្រី Afrah al-Zouba រដ្ឋមន្ត្រីការបរទេសយេម៉ែន បានអះអាង កាលពីថ្ងៃចន្ទថា ក្រុមហ៊ូទីកំពុងព្យាយាមយកគំរូតាមការគ្រប់គ្រងរបស់អ៊ីរ៉ង់ នៅច្រកសមុទ្រហ័រមូស មកអនុវត្តនៅសមុទ្រក្រហម ពោលគឺបន្ទាប់ពីក្រុមនេះបានប្រកាសពីការបិទផ្លូវសមុទ្រ មិនឱ្យមានការដឹកជញ្ជូនចូលទៅកាន់ប្រទេសអារ៉ាប៊ី សាអូឌីត។
លោកស្រី Afrah al-Zouba បានប្រាប់អ្នកសារព័ត៌មាន អំឡុងពេលសន្និសីទមួយថា «ក្រុមហ៊ូទីចង់យកគំរូតាមបទពិសោធន៍របស់អ៊ីរ៉ង់ នៅច្រកសមុទ្រហ័រមូស» ដោយបញ្ជាក់ថា ក្រុមឧទ្ទាមដែលទទួលបានការគាំទ្រពីទីក្រុងតេហេរ៉ង់មួយនេះ កំពុងធ្វើសកម្មភាព «ស្របគ្នា» ទៅនឹងការបង្កើនភាពតានតឹងរបស់អ៊ីរ៉ង់នៅក្នុងតំបន់។
លោកស្រី Zouba បាននិយាយថា រដ្ឋាភិបាលរបស់យេម៉ែន ដែលចូលចិត្តការគាំទ្រខ្លាំងពីអារ៉ាប៊ីសាអូឌីត ត្រូវបានរៀបចំសម្រាប់ការកើនឡើង ហើយការបាញ់ប្រហារគ្នា កំពុងកើតឡើងនៅតាមបណ្តោយជួរមុខ ដោយលាតសន្ធឹងភាគពាយ័ព្យរបស់ប្រទេស ចាប់ពីសមុទ្រក្រហម រហូតដល់ព្រំដែន អារ៉ាប៊ី សាអូឌីត ប៉ុន្តែ ភាគីទាំងពីរមិនទាន់បានធ្វើការវាយលុក នៅឡើយទេ។
យ៉ាងណា លោកស្រីបានបន្តថា «យើងគិតថា ជម្លោះនេះឥឡូវត្រូវបញ្ចប់ដោយសន្តិវិធី ឬតាមមធ្យោបាយផ្សេងទៀត»។
បើតាម រយធឺ, សមុទ្រក្រហមបានក្លាយជាសមរភូមិថ្មីមួយ នៅក្នុងជម្លោះពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ ដោយក្រុមហ៊ូទី ដែលបានបង្កើនសកម្មភាពប្រឆាំងនឹងប្រទេសអារ៉ាប៊ី សាអូឌីត តាមរយៈការបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ចូលទៅក្នុងទឹកដីនៃប្រទេសឈូងសមុទ្រមួយនេះ។
ប្រទេស អារ៉ាប៊ី សាអូឌីត បានឆ្លើយតបវិញ ដោយការវាយប្រហារតាមផ្លូវអាកាស ទៅលើគោលដៅដែលខ្លួនអះអាងថា ជាមូលដ្ឋានយោធារបស់ក្រុមហ៊ូទី ហើយបានបញ្ជាក់ថា ខ្លួននឹងការពារការដឹកជញ្ជូនតាមផ្លូវសមុទ្រសម្រាប់គោលបំណងពាណិជ្ជកម្ម ព្រមទាំង បានចោទប្រកាន់ក្រុមហ៊ូទីថា កំពុងបម្រើឱ្យរបៀបវារៈរបស់បរទេស៕
ប្រភព ៖ រយធឺ, AFP ប្រែសម្រួល ៖ សារ៉ាត
