កម្ពុជា ខិតខំពង្រឹងសមត្ថភាពប្រកួតប្រជែង ដើម្បីកាត់បន្ថយការពឹងផ្អែកលើអត្រាអនុគ្រោះពន្ធ
ប្រទេសកម្ពុជាកំពុងអនុវត្តកំណែទម្រង់យ៉ាងសកម្ម ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង និងកាត់បន្ថយការពឹងផ្អែកលើអត្រាអនុគ្រោះពន្ធពីប្រទេសដទៃ។ ការកាត់បន្ថយថ្លៃដើមផលិត ការសម្រួលនីតិវិធី និងការទាក់ទាញវិនិយោគ គឺជាយុទ្ធសាស្ត្រសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែង។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រកាត់បន្ថយថ្លៃដើមផលិតកម្មក្នុងស្រុក កែសម្រួលនីតិវិធីឱ្យកាន់តែងាយស្រួល និងលើកទឹកចិត្តអ្នកវិនិយោគអន្តរជាតិឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។
ឯកឧត្តមបញ្ជាក់ថា វិធានការទាំងនេះមានគោលបំណងធ្វើឱ្យកម្ពុជាអាចប្រកួតប្រជែងជាមួយប្រទេសនានានៅលើទីផ្សារពិភពលោក ដោយផ្អែកលើសមត្ថភាពផ្ទាល់របស់ខ្លួន មិនមែនពឹងផ្អែកតែលើការអនុគ្រោះពន្ធពីប្រទេសដៃគូតែមួយមុខនោះទេ។
ការលើកឡើងនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងសន្និសីទសារព័ត៌មានស្តីពី «អត្រាពន្ធគយថ្មីលើការនាំចូលទំនិញពីកម្ពុជាទៅសហរដ្ឋអាមេរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាពតាមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មសហរដ្ឋអាមេរិក» ដែលរៀបចំនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ឯកឧត្តម ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា អនាគតរបស់កម្ពុជាត្រូវសម្រេចដោយការខិតខំប្រឹងប្រែងរបស់កម្ពុជាផ្ទាល់ តាមរយៈការបន្តកំណែទម្រង់គ្រប់បែបយ៉ាងទើបអាចប្រកួតប្រជែងជាមួយប្រទេសទាំងអស់នៅក្នុងពិភពលោកបាន។ កម្ពុជាមិនពឹងផ្អែកតែលើអត្រាអនុគ្រោះពន្ធនោះទេ ព្រោះវានឹងបាត់បង់នៅពេលណាមួយ។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានកំណត់អត្រាពន្ធគយថ្មី១០%លើទំនិញនាំចូលពីកម្ពុជា ដោយអនុវត្តតាមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤របស់អាមេរិក។ ក្នុងចំណោមប្រទេសអាស៊ាន មានតែកម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ប៉ុណ្ណោះដែលទទួលបានអត្រា ១០% ខណៈប្រទេសអាស៊ានផ្សេងៗទៀតត្រូវអនុវត្តអត្រា ១២.៥%៕






អត្ថបទ៖ ជាវ ចន្ធូ