ជាមួយទិន្នផលជាង១៤ម៉ឺនតោនក្នុងមួយឆ្នាំ ដូងក្លាយជាប្រភពចំណូល និងផលិតផលទេសចរណ៍ដ៏សំខាន់របស់ខេត្តកំពត
ខេត្តកំពត កំពុងបង្ហាញសក្ដានុពលសេដ្ឋកិច្ចយ៉ាងលេចធ្លោ តាមរយៈការប្រមូលផលដូងបានរហូតដល់ជាង ១៤ម៉ឺនតោនក្នុងមួយឆ្នាំ ដែលក្លាយជាប្រភពចំណូលសំខាន់មួយសម្រាប់ខេត្ត ហើយទឹកដូងដ៏ផ្អែមឆ្ងាញ់
របស់ខេត្តជាប់មាត់សមុទ្រមួយនេះក៏ជាផ្នែកសំខាន់មួយក្នុងការទាក់ចិត្តអ្នកទេសចរផងដែរ។
ជាមួយទិន្នផលជាង ១៤ម៉ឺនតោនក្នុងមួយឆ្នាំ ដូងខ្ចីបានក្លាយជាប្រភពចំណូលសំខាន់មួយសម្រាប់លើកស្ទួយជីវភាពប្រជាពលរដ្ឋក្នុងខេត្តកំពត និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន។ រស់ជាតិដ៏ផ្អែមឆ្ងាញ់នៃដូង ដែលដាំនៅតំបន់មាត់សមុទ្រនេះ ក៏ជាផលិតផលពេញនិយមមួយសម្រាប់អ្នកទេសចរផងដែរ។
លោក មឿង គង្គា អភិបាលរងខេត្តកំពតបានឲ្យដឹងថា ដូងគឺជាដំណាំដែលមានប្រជាប្រិយគ្រប់រដូវកាលប្រចាំខេត្តកំពត។ បច្ចុប្បន្នខេត្តនេះ មានផ្ទៃដីដាំដំណាំដូងប្រមាណជាង ៥ ០០០ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានជាង ៤ ០០០ហិកតា។
លោកអភិបាលរងខេត្តបានគូសបញ្ជាក់ទៀតថា ទិន្នផលដូងកើនឡើងយ៉ាងខ្លាំងនេះ កើតចេញពីការយកចិត្តទុកដាក់របស់មន្ទីរកសិកម្មខេត្ត និងការលើកទឹកចិត្តពីភាគីពាក់ព័ន្ធ ក្នុងការជំរុញឱ្យកសិករ សហគមន៍ និងក្រុមហ៊ុន ខិតខំដាំដុះកាន់តែច្រើន ដើម្បីផ្គត់ផ្គង់តម្រូវការទេសចរក្នុងខេត្ត ក៏ដូចជាចែកចាយទៅតាមតំបន់នានា ជាពិសេសគឺរាជធានីភ្នំពេញ។
ជាមធ្យម ដូងក្នុងខេត្តកំពតលក់រាយបានតម្លៃ ១ផ្លែចន្លោះពី ២ ៧០០ រៀល ទៅ ៣ ០០០រៀល ដែលតម្លៃនេះមានការកើនឡើងជាងពីមុន ប្រមាណ ៧០០-១០០០ រៀល។
លោក ខេន ថាញ់ ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មខេត្តកំពត បានឱ្យដឹងថា ដូងប្រមូលផលបានទាំងនោះ រួមមានប្រភេទដូងក្រអូប ដូងកូវកែ ដែលប្រជាជនខ្មែរហៅក្លាយថាជាដូង តុកកែ ឬតាកែ និងដូងធម្មតា។
លោកបានបន្ថែមថា ចំណូលពីការប្រមូលផលដូងនៅក្នុងខេត្ត ត្រូវបានប៉ាន់ស្មានថា មានប្រមាណ ១៩លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាប្រភពចំណូលបន្ថែមដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ និងចូលរួមចំណែកយ៉ាងធំធេងដល់សេដ្ឋកិច្ចខេត្តទាំងមូល។
យោងតាមគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ កម្ពុជាត្រូវការដូងស្រស់ជាង ១៥ម៉ឺនផ្លែក្នុងមួយថ្ងៃ។ ប្រទេសកម្ពុជាបច្ចុប្បន្នមានផ្ទៃដីដាំដុះដំណាំដូងជិត ២ម៉ឺនហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួនជាង ១ម៉ឺន៤ពាន់ហិកតា៕




ទួន សុផល