ក្រសួងរៀបចំដែនដី ជំរុញការចុះបញ្ជីដីរដ្ឋបង្ហើយ និងអភិវឌ្ឍក្រុង៤ទៅជាសួន និងលំហសាធារណៈ
ក្រសួងរៀបចំដែនដី បានដាក់ចេញទិសដៅចុះបញ្ជីដីរដ្ឋ ដែលនៅសេសសល់ទាំងអស់ ព្រមទាំងអភិវឌ្ឍក្រុងចំនួន ៤ ឱ្យក្លាយជាគំរូក្រុងបៃតង ដោយផ្តោតលើការបង្កើតសួន និងលំហសាធារណៈ។
ក្នុងនាមគណៈកម្មការរៀបចំដែនដី នគរូបនីយកម្ម និងសុរិយោដីថ្នាក់ជាតិ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលការណ៍ចុះបញ្ជីដីរដ្ឋ ដែលនៅសេសសល់ជាចាំបាច់ ដើម្បីឈានទៅគ្រប់គ្រងដីរដ្ឋឱ្យបានពេញលេញ និងកសាងផែនការរៀបចំក្រុងនានា ដោយប្រែក្លាយទីតាំងសក្តានុពលនៅតាមក្រុងនីមួយៗទៅជាសួន និងលំហសាធារណៈ ដោយចាប់ផ្តើមពីក្រុងចំនួន៤។
ក្នុងកិច្ចប្រជុំផ្ទៃក្នុងស្តីពីការងារផែនការរៀបចំក្រុងទូទាំងប្រទេស និងការចុះបញ្ជីដីរដ្ឋ ដែលរៀបចំឡើងនៅទីស្តីការក្រសួង នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្នុងដំណាក់កាលដំបូង ក្រសួងបានជ្រើសរើសក្រុងចំនួន ៤ សម្រាប់សិក្សា និងរៀបចំអភិវឌ្ឍន៍ទៅតាមសក្តានុពលរបស់ក្រុងនីមួយៗ ក្នុងនោះមាន៖
ក្រុងដូនកែវ ខេត្តតាកែវ ដែលជាទីក្រុងទឹក និងជាប្រភពទឹកដ៏សំខាន់ ដូចជាបឹងតាកែវ និងព្រៃលិចទឹកជាមរតកពីធម្មជាតិ ដែលត្រូវរៀបចំជាលំហសាធារណៈ។ ចំណែកក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានស្ទឹងសេរីសោភ័ណ ភ្នំជញ្ជាំង ភ្នំបាក់ ភ្នំខ្លាកូន ភ្នំកងវ៉ា ភ្នំស្វាយ គឺសក្តិសមជាលំហសាធារណៈធម្មជាតិដ៏ស្រស់បំព្រង។
ដោយឡែក ក្រុងព្រះវិហារ ខេត្តព្រះវិហារ មានភ្នំត្បែង ទំនប់៩៥ ស្រះឈូក និងស្រះសង់ដាកើយ ដែលជាអំណយផលសម្រាប់អភិវឌ្ឍជាលំហធម្មជាតិ ឧទ្យាន និងតំបន់អភិរក្ស។ នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងវិញ មានភ្នំនាងកង្រីជាសម្បត្តិបេតិកភណ្ឌដ៍មានតម្លៃ បឹងធំ និងប្រព័ន្ធអាងទឹកខ្សាម ដែលជាតំបន់អាងស្តុកទឹកធម្មជាតិ និងតំបន់ពាណិជ្ជកម្មទេសចរណ៍ បូករួមជាមួយសួនសម្តេចចៅហ្វាវាំង គង់ សំអុល ជាលំហសាធារណៈដ៏សំខាន់ផងដែរ។
គម្រោងអភិវឌ្ឍទីក្រុងទាំង ៤ នេះ គឺជាជំហានទី១ ដែលអាចក្លាយជាគំរូសម្រាប់ការរៀបចំ និងអភិវឌ្ឍទីក្រុងផ្សេងៗទៀតនៅទូទាំងប្រទេស។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានគូសបញ្ជាក់ថា ការរៀបចំដែនដី គឺត្រូវមើលលើសក្តានុពលជារួម មិនមែនផ្តោតតែលើបំណែកណាមួយរបស់ក្រុងនោះទេ ដោយត្រូវធានាឱ្យមានតុល្យភាពរវាងការអភិវឌ្ឍ ការអភិរក្សធនធានធម្មជាតិ និងការប្រើប្រាស់លំហសាធារណៈ។ ឯកឧត្តមសង្កត់ធ្ងន់ថា គោលការណ៍របស់ក្រសួងតទៅមុខទៀត គឺទាមទារឲ្យការដឹកនាំមានលក្ខណៈជាសមូហភាព និងត្រូវមានភាពទទួលខុសត្រូវក្នុងមុខងាររបស់ខ្លួន៕







អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ