ហ្វីលីពីន ថា ដល់ពេលត្រូវពិចារណាឈានទៅប្រើប្រាស់នុយក្លេអ៊ែរឡើងវិញ
ម៉ានីល ៖ ប្រទេសហ្វីលីពីនប្រហែលជាដល់ពេលដែលត្រូវពិចារណាលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរឡើងវិញ ។ នេះបើតាមការប្រកាសរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr កាលពីថ្ងៃចន្ទ ។
លោកថា ថាមពលនុយក្លេអ៊ែរអាចជាដំណោះស្រាយសម្រាប់ប្រទេសមួយ ដែលកំពុងបង់ថ្លៃអគ្គិសនីខ្ពស់បំផុតនៅក្នុងតំបន់ ។
លោក Marcos រៀបរាប់ថា «នុយក្លេអ៊ែររបស់ហ្វីលីពីន គឺជានុយក្លេអ៊ែរបែបស៊ីវិល ដូច្នេះវាប្រហែលជាដល់ពេលហើយដែលយើងត្រូវពិចារណាអំពីការផលិតថាមពលនុយក្លេអ៊ែរឡើងវិញហើយ» ។
បើតាម straitstimes, ហ្វីលីពីនមានរោងចក្រថាមពលនុយក្លេអ៊ែរមួយដែលមានឈ្មោះថា Bataan ។ វាត្រូវបានសាងសង់រួចរាល់ នៅទសវត្សរ៍ឆ្នាំ១៩៨០ ប៉ុន្តែ មិនដែលត្រូវបានដាក់ឱ្យដំណើរការឡើយ ដោយសារបញ្ហាអំពើពុករលួយ និងកង្វល់អំពីសុវត្ថិភាព ។
យ៉ាងណា ដោយសារតែហ្វីលីពីនកំពុងជួបប្រទះនូវការកើនឡើងនៃថ្លៃថាមពល និងអតិផរណា ដែលបណ្តាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា, ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ បានធ្វើការពិភាក្សាស្វែងយល់អំពីថាមពលនុយក្លេអ៊ែរជាមួយប្រទេសជាច្រើន រួមមានប្រទេសជប៉ុន បារាំង រុស្ស៊ី និងសហរដ្ឋអាមេរិក ។
ជាមួយគ្នានេះ ប្រទេសហ្វីលីពីនក៏មានកិច្ចព្រមព្រៀងមួយ ជាមួយសហរដ្ឋអាមេរិក កាលពីខែឧសភា ឆ្នាំ ២០២៤ ដើម្បីបណ្តុះបណ្តាលប្រជាជនហ្វីលីពីន អំពីរបៀបសាងសង់ និងដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរផងដែរ ៕
ប្រភព៖ straitstimes, ប្រែសម្រួល ៖ សារ៉ាត
