ឥណ្ឌា កៀកផលិតបានសំណាញ់មេឃចម្ងាយឆ្ងាយ ក្រោយបាញ់សាកល្បងមីស៊ីលស្ទាក់ចាប់ជោគជ័យ
ញូវដែលី ៖ ប្រទេសឥណ្ឌាជិតឈានដល់ការផលិតបានប្រព័ន្ធខែលការពារដែនអាកាសក្នុងស្រុក បន្ទាប់ពីកងកម្លាំងប្រទេសអាស៊ីមួយនេះទទួលបានជោគជ័យទាំងស្រុងក្នុងការបាញ់សាកល្បងមីស៊ីលស្ទាក់ចាប់បាញ់ពីដីទៅអាកាសរយៈចម្ងាយឆ្ងាយ ។
មីស៊ីលស្ទាក់ចាប់នេះមានឈ្មោះថា KuSha ។ វាត្រូវបានបាញ់សាកល្បងកាលពីថ្ងៃទី២៣ ខែកក្កដា នៅលើកោះ A.P.J. Abdul Kalam នៃរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា ។
ក្រសួងការពារជាតិឥណ្ឌានិយាយថា ការធ្វើតេស្តលើកដំបូងនេះ បានស្ទាក់ចាប់គោលដៅអេឡិចត្រូនិចផ្លូវអាកាសក្នុងល្បឿនលឿន និងកម្ពស់ខ្ពស់ដោយជោគជ័យ ។ សមទ្ធិផលនេះ បានកត់សម្គាល់ពី “ជោគជ័យដ៏សំខាន់” នៅក្នុងកម្មវិធីអភិវឌ្ឍសំណាញ់មេឃប្រកបដោយមហិច្ឆតារបស់ប្រទេសឥណ្ឌា ។
បន្ទាប់ពីការធ្វើតេស្តនេះ រដ្ឋាភិបាលឥណ្ឌានិយាយថា ធាតុផ្សំនៃប្រព័ន្ធសំណាញ់មេឃ រួមមានមីស៊ីល, រ៉ាដា និងមជ្ឈមណ្ឌលបញ្ជាការ នឹងត្រូវបានអភិវឌ្ឍនៅក្នុងប្រទេស ដោយអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិ ហៅកាត់ (DRDO) និងដៃគូឧស្សាហកម្មក្នុងស្រុក ។
បើតាម Defense News, មីស៊ីលស្ទាក់ចាប់ ដែលឥណ្ឌាកំពុងអភិវឌ្ឍមានចំនួន ៣ ប្រភេទផ្សេងគ្នា ក្នុងនោះរួមមានមីស៊ីលស្ទាក់ចាប់រយៈចម្ងាយ ១៥០ គីឡូម៉ែត្រ, ២៥០ គីឡូម៉ែត្រ និងពី ៣៥០ ទៅ ៤០០ គីឡូម៉ែត្រ ។
មីស៊ីលស្ទាក់ចាប់ទាំងនេះ មានសមត្ថភាពហែកមេឃរត់បុកកម្ទេចគោលដៅគំរាមកំហែងតាមផ្លូវអាកាសនានា រួមមានយន្តហោះចម្បាំង, មីស៊ីល, យន្តហោះដ្រូន និងយន្តហោះប្រយុទ្ធធំៗរបស់សត្រូវ នៅក្នុងកម្រិតចម្ងាយ និងកម្ពស់ខ្ពស់ៗ ។
ជាមួយគ្នានេះ ប្រទេសឥណ្ឌាសង្ឃឹមថា ប្រព័ន្ធមីស៊ីលការពារដែនអាកាសផលិតក្នុងស្រុកនេះនឹងអាចដាក់ពង្រាយសម្រាប់ប្រតិបត្តិការយោធាក្នុងរយៈពេល ៣ ទៅ ៤ ឆ្នាំទៀត ជាពិសេសវានឹងអាចជួយកាត់បន្ថយការពឹងផ្អែកលើសំណាញ់មេឃរបស់បរទេស ។
បច្ចុប្បន្ន ឥណ្ឌានៅតែបន្តពឹងផ្អែកលើប្រព័ន្ធការពារដែនអាកាសបរទេស ដោយសារតែសំណាញ់មេឃផលិតក្នុងស្រុក ទាមទារការផ្ទៀងផ្ទាត់ជាមួយនឹងការសាកល្បងថែមទៀត ៕
ប្រភព ៖ Defense News ប្រែសម្រួល ៖ ឈឹម ទីណា