លោក ត្រាំ ប្រកាសទារលុយពីអ៊ីរ៉ង់ សងទូទាត់ថ្លៃចំណាយធ្វើសង្គ្រាមរបស់អាមេរិក
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រាល់ការចំណាយរបស់សហរដ្ឋអាមេរិក លើសង្គ្រាមជាមួយអ៊ីរ៉ង់នឹងត្រូវសងទូទាត់ត្រឡប់មកវិញ នៅក្នុងកម្រិតលើសជាងដើមទុន ជាច្រើនដងទៅទៀត នាពេលអនាគត។
បើតាម Tass, ការថ្លែងបែបនេះ បានធ្វើឡើង នៅប៉ុន្មានថ្ងៃ ក្រោយពេលដែលរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោក Pete Hegseth បានប៉ាន់ប្រមាណថា ការចំណាយសម្រាប់ប្រតិបត្តិការយោធាប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមមួយនេះ គឺមានចំនួនប្រហែល ៣៧,៥ ពាន់លានដុល្លារ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One កាលពីថ្ងៃចន្ទ, មេដឹកនាំរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនរូបនេះបានលើកឡើងអំពីករណីប្រទេសវេណេស៊ុយអេឡា ជាឧទាហរណ៍ជាក់ស្តែង។ លោកបានអះអាងថា អាមេរិក រឹបអូសប្រាក់ចំណូលពីការលក់ប្រេងរបស់ប្រទេសវេណេស៊ុយអេឡា ចំនួនជាង១៣ពាន់លានដុល្លារ ហើយកំពុងប្រើប្រាស់ប្រាក់ទាំងនោះ សម្រាប់យកមកដំណើរការដឹកនាំប្រទេស នៅអាមេរិកខាងត្បូងមួយនេះ។
លោក ត្រាំ មិនបានពន្យល់លម្អិតថា តើប្រាក់ទាំងនោះត្រូវបានយកទៅប្រើប្រាស់យ៉ាងណានោះទេ។ ប៉ុន្តែ លោកបានលើកឡើងថា ប្រាក់ចំណូលមួយផ្នែកពិតត្រូវបានយកមកទូទាត់សងថ្លៃចំណាយរបស់សហរដ្ឋអាមេរិក សម្រាប់ប្រតិបត្តិការវាយប្រហារ កាលពីថ្ងៃទី ៣ ខែមករា ជាពេលដែលកងកម្លាំងទីក្រុងវ៉ាស៊ីនតោន ចូលទៅខ្លួនលោកប្រធានាធិបតី Nicolás Maduro ដល់រដ្ឋធានីការ៉ាកាស់ និង សម្លាប់មនុស្សជាច្រើននាក់។
ប្រធានាធិបតីអាមេរិក វ័យ៨0ឆ្នាំ រូបនេះ បញ្ជាក់ថា «ករណីបែបនេះក៏នឹងកើតឡើងដូចគ្នាដែរ ចំពោះប្រទេសអ៊ីរ៉ង់…យើងនឹងទទួលបានប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ពោលគឺរហូតដល់រាប់ពាន់លានដុល្លារ»។
លោក ដូណាល់ ត្រាំ ក៏បានគំរាមប្រើប្រាស់ថវិកាខ្ទង់ណាមួយ ដែលអាចរឹបអូសបានពីប្រទេសអ៊ីរ៉ង់ ដើម្បីសងការខូចខាត ដែលប្រទេសឥស្លាមមួយនេះបានបង្កការបំផ្លិចបំផ្លាញ ដល់បណ្តាទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក នៅក្រៅប្រទេសផងដែរ៕
ប្រភព ៖ Tass _ truthout _France24 ប្រែសម្រួល ៖ សារ៉ាត
