អ៊ីស្រាអែលថា ទោះមិនចូលរួម តែបានបើកឱ្យយន្តហោះអាមេរិកប្រើទឹកដីខ្លួនហោះទៅវាយអ៊ីរ៉ង់
ហ៊្សេរុយសាឡឹម ៖ ប្រមុខការពារជាតិអ៊ីស្រាអែល បានអះអាងកាលពីថ្ងៃ អង្គារ ថា ទោះបីមិនបានចូលរួមវាយប្រហារផ្ទាល់ តែអ៊ីស្រាអែលបានបើកឱ្យយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកហោះចេញពីទឹកដីអ៊ីស្រាអែល ដើម្បីទៅវាយប្រហារលើអ៊ីរ៉ង់ ។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រាប់ទូរទស្សន៍ Channel 14 ថា យន្តហោះចម្បាំងអាមេរិក កំពុងហោះចេញពីអ៊ីស្រាអែល ដើម្បីទៅវាយប្រហារអ៊ីរ៉ង់ ហើយអ៊ីរ៉ង់ក៏ដឹងពីរឿងនោះដែរ ។
លោកថា អ៊ីស្រាអែលចង់វាយប្រហារគោលដៅថាមពលអ៊ីរ៉ង់ ប៉ុន្តែផែនការរបស់អ៊ីស្រាអែលត្រូវបានសហរដ្ឋអាមេរិកជំទាស់ ។
អមដោយការគំរាមវាយប្រហារអ៊ីរ៉ង់ ក្នុងករណីមានការវាយប្រហារណាមួយពីអ៊ីរ៉ង់, លោក Katz និយាយថា យើងចង់វាយប្រហារគោលដៅថាមពលអ៊ីរ៉ង់យ៉ាងខ្លាំង ប៉ុន្តែសហរដ្ឋអាមេរិកមិនយល់ព្រមចំពោះការធ្វើបែបនោះទេ នៅដំណាក់កាលនេះ ។
ប៉ុន្តែលោកថា ប្រសិនបើអ៊ីរ៉ង់បាញ់មកលើអ៊ីស្រាអែល នោះយើងនឹងឆ្លើយតបដោយកម្លាំងពេញទំហឹង ។ យើងត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីវាយប្រហារអ៊ីរ៉ង់ដោយឯករាជ្យ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
