ជប៉ុន ៖ មនុស្ស ៩ពាន់នាក់កំពុងស្នាក់ក្នុងមជ្ឈមណ្ឌលជម្លៀសខ្លួន បន្ទាប់ពីរញ្ជួយដី
តូក្យូ ៖ ជប៉ុនឱ្យដឹងថា មានមនុស្សជាង ៩,០០០នាក់ ត្រូវបានជម្លៀសខ្លួន មកឲ្យស្ថិតនៅក្នុងមជ្ឈមណ្ឌលជម្លៀសខ្លួន ក្រោយហេតុការណ៍រញ្ជួយដី។
រដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា មានមនុស្សជាង ៩,០០០នាក់បានស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀសខ្លួន នៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីមានហេតុការណ៍រញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារតំបន់ភាគនិរតីនៃប្រទេសជប៉ុន។
លោក Minoru Kihara អ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងថា «យើងទទួលបានរបាយការណ៍អំពីមនុស្ស ៧នាក់ដែលរងរបួសធ្ងន់ និង ២៩នាក់ទៀតរងរបួសស្រាល។ លើសពីនេះ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃនេះ មានមនុស្សចំនួន ៩,១៨៦នាក់បានទៅជ្រកកោននៅក្នុងមជ្ឈមណ្ឌលជម្លៀសខ្លួនចំនួន ៥០៦កន្លែង នៅទូទាំងខេត្ត ចំនួន៥ រួមទាំង ខេត្ត Kumamoto និង Fukuoka ផងដែរ»។
ការថ្លែងនេះធ្វើឡើង នៅមួយថ្ងៃបន្ទាប់ពីហេតុការណ៍រញ្ជួយដី ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៣នាក់ បាត់បង់ជីវិត។
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi បានលើកឡើងថា អាជ្ញាធរកំពុងបន្តវាយតម្លៃពីកម្រិតនៃការរងរបួស និងការខូចខាតទ្រព្យសម្បត្តិ។ លោកស្រីបានបន្ថែមថា «ការដាច់ចរន្តអគ្គិសនី និងអគ្គិភ័យកំពុងកើតមានឡើងនៅតំបន់មួយចំនួន ហើយផ្លូវថ្នល់ និងស្ពាននានាបានរងការខូចខាត ព្រមទាំងមានអគារមួយចំនួនបានដួលរលំផងដែរ»។
អ្នកនាំពាក្យរបស់ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ JMA បាននិយាយថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅលើដីគោក ហើយរហូតមកទល់ពេលនេះ មិនទាន់មានការកត់សម្គាល់ឃើញសកម្មភាពរលកយក្សស៊ូណាមិនៅឡើយទេ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
