អាជ្ញាធរមីនប្តេជ្ញាបោសសម្អាតដី ខណៈក្រសួងកសិកម្មជំរុញការបង្កបង្កើនផល
អាជ្ញាធរមីនកម្ពុជា បានប្តេជ្ញាបោសសម្អាតមីននៅតាមតំបន់ដែលដឹងថាមានមីន ឲ្យអស់យ៉ាងយូរត្រឹមឆ្នាំ២០៣០ ដើម្បីអនុញ្ញាតឱ្យប្រជាកសិករអាចដាំដុះបង្កបង្កើនផល ដោយសុវត្ថិភាព ចំណែកក្រសួងកសិកម្មវិញបានសន្យាអភិវឌ្ឍវិស័យកសិកម្មលើដីបោសសម្អាតរួច។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរមីន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីបោសសម្អាតមីនរួច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន» នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន គូសបញ្ជាក់ថា អាជ្ញាធរមីន បាននិងបន្តខិតខំប្រឹងប្រែងបោសសម្អាតមីន និងកាកសំណល់ពីសង្គ្រាម ដោយប្រកាន់ខ្ជាប់ជាប្រចាំនូវពាក្យថា «សុវត្ថិភាព» ដើម្បីប្រជាជន និងប្រជាជាតិ សំដៅចូលរួមធានាបាននូវសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្រ និងសន្តិសុខសង្គម។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា កម្ពុជាបានប្តេជ្ញាចិត្តក្នុងការបោសសម្អាតមីនឱ្យអស់ពីតំបន់ដែលដឹងថាមានមីន យ៉ាងយូរត្រឹមឆ្នាំ២០៣០ ហើយតាមរយៈការងារនេះនឹងអនុញ្ញាតឱ្យប្រជាកសិករអាចដាំដុះបង្កបង្កើនផល ដោយមិនមានភាពភ័យខ្លាច ធានាបាននូវសុខសុវត្ថិភាព និងគាំទ្រក្នុងការប្រែក្លាយទៅជាដីកសិកម្មរហូតទៅដល់ទីផ្សារ និងមាននិរន្តរភាព។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ និងប្រទេសជាមិត្ត ដែលបានជួយគាំទ្រជាបច្ចេកទេសនិងថវិកា និងបានវាយតម្លៃខ្ពស់នូវការចុះអនុស្សរណៈនៃការយោគយល់ (MOU) នាថ្ងៃនេះ ដែលជាការអនុវត្តការងារប្រកបដោយភាពបុរេសកម្ម និងការតាំងចិត្តខ្ពស់ក្នុងការរួមគ្នាប្រែក្លាយពីភាពភ័យខ្លាចទៅជាទិន្នផលចេញពីដីស្រែចម្ការ។
ចំណែក ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមីន ក្នុងការបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់សង្រ្គាម ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ។ ការប្រឹងប្រែងនេះបានជួយលុបបំបាត់ផលប៉ះពាល់គ្រោះថ្នាក់ដោយសារមីន និងបានប្រែក្លាយដីគ្រោះថ្នាក់ទៅជាដីចម្ការប្រកបដោយសុវត្ថិភាព សម្រាប់ប្រជាកសិករក្នុងការបង្កបង្កើនផលកសិកម្ម បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅសហគមន៍មូលដ្ឋាន។
ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ក៏បានលើកឡើងផងដែរពីការខិតខំប្រឹងប្រែងជំរុញរបស់សម្តេចតេជោ និងសម្តេចធិបតី ក្នុងការងារដោះមីននេះ រហូតប្រែក្លាយកម្ពុជាដែលយារយីដោយសំណល់ជាតិផ្ទុះគ្រប់ប្រភេទពីសង្គ្រាម មកជាប្រទេសមានសុខសន្តិភាព និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ជាពិសេសដោយមានការចូលរួមពីដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្តនានា៕




