ខេត្តកណ្តាលបិទបញ្ចប់ការចុះបញ្ជីដីធ្លីជាប្រព័ន្ធ បើកទំព័រថ្មីនៃការអភិវឌ្ឍ និងកាត់បន្ថយវិវាទដីធ្លី
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចុងក្រោយជូនប្រជាពលរដ្ឋ ចំនួន ១៧ភូមិ នៅខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។ សម្រាប់ទឹកដីខេត្តកណ្តាល នេះគឺជាបិទបញ្ចប់ជាស្ថាពរនូវយុទ្ធនាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។
ខេត្តកណ្តាលប្រកាសបិទបញ្ចប់ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ និងការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យជាស្ថាពរ ជាមួយការប្រគល់វិញ្ញាបនបត្រចុងក្រោយចំនួន ២៣ ០៦៧បណ្ណ ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន១៧ នៃឃុំជ័យធំ ឃុំរកាជន្លឹង និងឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានចាត់ទុកការបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីនេះថា មិនត្រឹមតែផ្តល់កម្មសិទ្ធិស្របច្បាប់ដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបញ្ចប់នូវភាពមិនច្បាស់លាស់ និងហានិភ័យនៃវិវាទដីធ្លី ក៏ដូចជាការបើកទំព័រថ្មីនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការកើនឡើងនៃតម្លៃដីធ្លី ការស្នើសុំឥណទានផ្លូវការ ការប្រកបអាជីវកម្មគ្រួសារ ការទាក់ទាញវិនិយោគ និងការបន្តមរតក។
សម្តេចនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្តកណ្តាល និងក្រុមការងារពាក់ព័ន្ធ ដែលបានសហការគ្នាជំរុញការវាស់វែង និងចុះបញ្ជីដីធ្លីរហូតសម្រេចបានលទ្ធផលជាប្រវត្តិសាស្ត្រនេះ បន្ទាប់ពីការងារនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០០២មកម៉្លេះ។
សម្តេចធិបតីបានបញ្ជាក់ថា យុទ្ធនាការវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ គឺជាអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងធានាសុវត្ថិភាពផ្លូវច្បាប់លើការកាន់កាប់ដីធ្លី ការពារសិទ្ធិស្របច្បាប់របស់ម្ចាស់កម្មសិទ្ធិ កាត់បន្ថយវិវាទដីធ្លី និងពង្រឹងការគ្រប់គ្រងដែនដីឱ្យមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ វាក៏ជាគ្រឹះសម្រាប់ការធ្វើបច្ចុប្បន្នភាពទិន្នន័យសុរិយោដី ការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងទាក់ទាញការវិនិយោគ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយសមធម៌ បរិយាបន្ន និងចីរភាព។
ក្នុងឱកាសនោះ សម្តេចធិបតីក៏បានបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តការងារចុះបញ្ជីដីធ្លីទូទាំងប្រទេស ដោយគិតមកដល់ពេលនេះ កម្ពុជាបានវាស់វែងដីធ្លីសរុបជិត ១៤លានក្បាលដី ស្មើនឹង ១០៣ភាគរយ នៃចំនួនប៉ាន់ស្មាន ហើយចេញបណ្ណកម្មសិទ្ធិសរុបជាង ៩លាន ៦សែនបណ្ណ ក្នុងនោះប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋបានចំនួនជាង ៨លាន ៧សែនបណ្ណរួចហើយ។
សម្តេចបានណែនាំឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តជំរុញការចុះបញ្ជីដីធ្លីដែលនៅសេសសល់ឱ្យបានបញ្ចប់ក្នុងឆ្នាំ២០២៦ ដោយសហការជាមួយរដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីធានាថាបណ្ណកម្មសិទ្ធិត្រូវបានប្រគល់ដល់ដៃប្រជាពលរដ្ឋគ្រប់គ្នា។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យក្រសួង និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជំរុញការអនុវត្តទស្សនាទាន «ភូមិគំរូ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល» ដើម្បីកសាងសហគមន៍ដែលមានសុខដុមរមនា សុវត្ថិភាព និងគុណភាពជីវិតកាន់តែល្អប្រសើរ៕






អត្ថបទ៖ វណ្ណលុក