មេធំសិទ្ធិមនុស្ស UN ៖ សកម្មភាពអ៊ីស្រាអែលនៅលីបង់ អាចរាប់ចូលជា “ឧក្រិដ្ឋកម្មសង្គ្រាម”
បេរូ ៖ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Türk បាននិយាយកាលពីថ្ងៃ ចន្ទ ថា ប្រតិបត្តិការយោធាអ៊ីស្រាអែលនៅលីបង់ បានបង្កឱ្យមានការរងទុក្ខវេទនាយ៉ាងទូលំទូលាយដល់ជនស៊ីវិល ហើយអាចរាប់ចូលជា “ឧក្រិដ្ឋកម្មសង្គ្រាម” ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងបេរូត មុនពេលបញ្ចប់ការបំពេញទស្សនកិច្ចនៅលីបង់, លោក Türk និយាយថា ការិយាល័យរបស់លោកបានកត់ត្រាការរំលោភបំពានទ្រង់ទ្រាយធំលើច្បាប់មនុស្សធម៌អន្តរជាតិ ដែលសកម្មភាពខ្លះអាចរាប់ចូលជា “ឧក្រិដ្ឋកម្មសង្គ្រាម” ។
លោក Türk បានបន្ថែមថា ការបន្តវាយប្រហារតាមអាកាស ការបាញ់ផ្លោង និងការប្រើប្រាស់អាវុធផ្ទុះនៅក្នុងតំបន់ ដែលមានប្រជាជនរស់នៅច្រើនពីសំណាក់អ៊ីស្រាអែល បានបណ្តាលឱ្យប្រជាជនស៊ីវិលស្លាប់ និងរបួសយ៉ាងច្រើន ការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ និងការភៀសខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ។
លោក Türk បានសង្កត់ធ្ងន់ថា បេសកកម្មវាយតម្លៃឯករាជ្យ និងអព្យាក្រឹតមួយ បានចាប់ផ្តើមប្រមូលព័ត៌មាន និងភស្តុតាង ស្តីពីការរំលោភបំពាន ដែលគេចោទប្រកាន់ថា ត្រូវបានប្រព្រឹត្តដោយភាគីនៃជម្លោះចាប់តាំងពីថ្ងៃទ២ ខែមីនាកន្លងមក ។
យោងតាមរបាយការណ៍របស់អាជ្ញាធរលីបង់, លោក Türk បានឱ្យដឹងថា មនុស្សប្រមាណ ៤,៣០០ នាក់ត្រូវបានសម្លាប់ និងច្រើនជាង ១២,២០០ នាក់ទៀតបានរងរបួសនៅទូទាំងប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី២ ខែមីនា រួមទាំងបុគ្គលិកថែទាំសុខភាពជាង ១៣៥ នាក់ អ្នកសារព័ត៌មាន និងបុគ្គលិកផ្នែកប្រព័ន្ធផ្សព្វផ្សាយជាច្រើននាក់ផងដែរ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា