អ្នកជំនាញកំពុងសម្រុកជួសជុលកំពែងថ្មបាយក្រៀមខ្លោងទ្វារក្រុងអង្គរធំ ក្រោយទ្រុឌទ្រោមខ្លាំង
ភ្នំពេញ៖អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាកំពុងសម្រុកជួសជុលកំពែងថ្មបាយក្រៀមប្រវែង១៥ម៉ែត្រ នៅទិសនិរតីនៃខ្លោងទ្វារទន្លេអុំ ក្នុងក្រុងអង្គរធំឡើងវិញ បន្ទាប់ពីសំណង់បុរាណមួយនេះបានរងការខូចខាតយ៉ាងដំណំ ដោយរលុះថ្ម និងមានសភាពទ្រេត។ការណ៍នេះគឺដោយសារអាយុកាល និងកត្តាធម្មជាតិ។
ដើមឡើយកំពែងថ្មបាយក្រៀមប្រវែង១៥ម៉ែត្រ ស្ថិតនៅផ្នែកខាងត្បូង ឆៀងខាងលិច ឬទិសនិរតីនៃខ្លោងទ្វារទន្លេអុំ ក្នុងក្រុងអង្គរធំ ខេត្តសៀមរាប បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារអាយុកាល និងកត្តាធម្មជាតិជាច្រើនឆ្នាំមកហើយ។ ជញ្ជាំងថ្មបាយក្រៀមបានហែកចេញពីគ្នា ។ថ្មមួយចំនួនរលុះធ្លាក់ ។ស្លាបខ្លោងទ្វារទ្រេត បាត់បង់ដំបូល ហើយកាំជណ្តើរក៏ត្រូវទឹកហូរច្រោះបាត់បង់រូបរាងដើមផងដែរ។
ហានិភ័យទាំងនេះកំពុងត្រូវបានដោះស្រាយយ៉ាងយកចិត្តទុកដាក់បំផុត។ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងថែទាំ ជួសជុល និងពង្រឹងគ្រឹះកំពែងបុរាណមួយនេះ ដើម្បីស្រោចស្រង់ និងលើកតម្លៃបេតិកភណ្ឌដូនតាឱ្យរឹងមាំឡើងវិញ។
លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងសង្គ្រោះនេះបានចាប់ផ្តើមតាំងពីដើមខែមេសា ឆ្នាំ២០២៦។ គិតមកដល់បច្ចុប្បន្ន ការងារជួសជុលសម្រេចបានប្រមាណ ៤៥ភាគរយហើយក្នុងនោះ ការរៀបជញ្ជាំងឡើងវិញបានប្រវែង ៦ម៉ែត្រ ខណៈដែលការរៀបចំជណ្តើរបានប្រហែល ១៥ម៉ែត្រ។
បើតាមអាជ្ញាធរជាតិអប្សរា សម្រាប់បេសកកម្មដែលនៅសេសសល់ ក្រុមការងារជំនាញ នឹងបន្តដាប់ឆ្លាក់ខ្សែក្បាច់នៅក្បាលជញ្ជាំងកំពែងផ្នែកខាងលិចប្រវែងជិត ១០ម៉ែត្រ ទៅតាមលំនាំដើម បង្ហាប់ដីផ្នែកខាងលើដោយប្រើកម្ទេចថ្មបាយក្រៀម រៀបចំប្រព័ន្ធរំដោះទឹកហូរ និងចាក់ដីបំពេញតាមផ្នែកកាំជណ្តើរ ដើម្បីជួយទប់ជញ្ជាំងកុំឱ្យទ្រេត។
តាមការរំពឹងទុក គម្រោងអភិរក្ស និងជួសជុលកំពែងប្រវត្តិសាស្ត្រមួយនេះ នឹងត្រូវបញ្ចប់នៅដំណាច់ឆ្នាំនេះ ដែលនឹងធ្វើឱ្យរចនាសម្ព័ន្ធទូទៅនៃខ្លោងទ្វារទន្លេអុំ រួចផុតពីហានិភ័យ និងវិលត្រឡប់មកមានភាពរឹងមាំឡើងវិញ៕








ដោយ៖ទួន សុផល