យេម៉ែន ថា ឧទ្ទាមហ៊ូទីរៀបគម្រោងជាមួយអ៊ីរ៉ង់ គិតថ្លៃនាវាឆ្លងកាត់សមុទ្រក្រហម
សាណា ៖ រដ្ឋមន្ត្រីម្នាក់នៅក្នុងរដ្ឋាភិបាលយេម៉ែន បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃពុធទី២៩ ខែកក្កដា ថា ក្រុមហ៊ូទី កំពុងសហការជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីគិតថ្លៃសេវាពីនាវា ដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម។
បើជាការពិត, សកម្មភាពនេះបង្កការគំរាមកំហែងដល់ផ្លូវទឹកដ៏សំខាន់មួយទៀត បន្ទាប់ពីទីក្រុងតេហេរ៉ង់បានបិទច្រកសមុទ្រហ័រមូស។ ផ្លូវសមុទ្រដ៏តូចចង្អៀតនៃសមុទ្រក្រហមបានក្លាយជាផ្លូវដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីត ទៅកាន់ទីផ្សារអន្តរជាតិ បន្ទាប់ពីការវាយប្រហារ និងការគំរាមកំហែងរបស់អ៊ីរ៉ង់ ដែលបានរារាំងការនាំចេញថាមពលពីតំបន់ឈូងសមុទ្រ តាមរយៈច្រកហ័រមូស។
លោក Moammar al-Eryani រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រាប់ AFP ថា សកម្មភាពនេះគឺជា «ការបង្កើនភាពតានតឹងដ៏គ្រោះថ្នាក់មួយ ដែលមានគោលបំណងប្រែក្លាយផ្លូវសមុទ្រដ៏មានយុទ្ធសាស្ត្របំផុតមួយរបស់ពិភពលោក ទៅជាប្រភពហិរញ្ញវត្ថុអចិន្ត្រៃយ៍សម្រាប់សកម្មភាពយោធា និងសកម្មភាពភេរវកម្មរបស់ក្រុមប្រដាប់អាវុធនេះ»។
លោក Eryani បាននិយាយថា ការវាយតម្លៃនេះគឺផ្អែកលើព័ត៌មានសម្ងាត់ដែលបានបញ្ជាក់ ដោយបង្ហាញថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ហៅកាត់ IRGC កំពុងជួយគ្រប់គ្រងកិច្ចខិតខំប្រឹងប្រែងនេះ។
លោក Eryani បានបន្ថែមថា «ព័ត៌មានសម្ងាត់បង្ហាញថា អ្នកជំនាញ និងទីប្រឹក្សារបស់ IRGC មានការចូលរួមដោយផ្ទាល់ក្នុងការរៀបចំផែនការលើផ្នែកបច្ចេកទេស និងរដ្ឋបាលនៃគម្រោងនេះ»។
លោកបាននិយាយថា គម្រោងនេះនឹងរួមបញ្ចូលទាំងការបង្កើតស្ថាប័នជាក់លាក់មួយ ដែលទទួលខុសត្រូវក្នុងការប្រមូលប្រាក់ពីក្រុមហ៊ុនដឹកជញ្ជូន និងនាវាពាណិជ្ជកម្មនានា ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត