ក្រសួងទេសចរណ៍ និងវិស័យឯកជនរួមគ្នាដាក់ចេញយុទ្ធសាស្រ្តស្តារវិស័យទេសចរណ៍
ប្រឈមនឹងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ វិស័យរដ្ឋ និងឯកជនបានរួមគ្នាបង្កើនកិច្ចសហការក្នុងក្របខណ្ឌក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដោយដាក់ចេញនូវវិធានការគន្លឹះបន្ទាន់ ដើម្បីស្តារ និងពង្រឹងទំនុកចិត្ត និងទាក់ទាញទេសចរអន្តរជាតិឡើងវិញ។
ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលដឹកនាំដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ពិសេសទាក់ទាញភ្ញៀវអន្តរជាតិ។
វិធានការសំខាន់ៗ ដែលត្រូវបានពិភក្សាក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១របស់ក្រុមប្សឹក្សាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ រួមមាន ៖ ការពង្រីកទីផ្សារទេសចរណ៍ផ្ទាល់ និងទីផ្សារ«បូក១»តាមរយៈវៀតណាម និងសិង្ហបុរី និងទីផ្សារសក្តានុពលផ្សេងទៀត និងការកសាងទំនុកចិត្តរបស់ទេសចរអន្តរជាតិ តាមរយៈការពង្រឹងការផ្សព្វផ្សាយជាមួយស្ថាប័នសារព័ត៌មានអន្តរជាតិធំៗ និងការអញ្ជើញអ្នកសារព័ត៌មានអន្តរជាតិ ក្រុមហ៊ុនទេសចរណ៍អន្តរជាតិ និងអ្នកបង្កើតមាតិកាបរទេសល្បីៗមកទស្សនាកម្ពុជា ព្រមទាំងជំរុញការងារភាពយន្តទេសចរណ៍។
ជាមួយគ្នានេះ កម្ពុជាត្រូវទាញយកអត្ថប្រយោជន៍ពីគោលនយោបាយលើកលែងទិដ្ឋាការចិនរយៈពេល៤ខែ, កិច្ចប្រជុំកំពូលហ្វ្រង់កូហូនី, ព្រមទាំងការរៀបចំព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗនៅពេលខាងមុខ ដូចជាការប្រកួតវគ្គផ្តាច់ព្រ័តកីឡាវាយកូនគោលលំដាប់ពិភពលោក Legend Tours 2026, ព្រឹត្តិការណ៍កីឡាទេសចរណ៍ និង ព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិមួយចំនួនទៀតនៅអំឡុងឆមាសទី២ ឆ្នាំ២០២៦ និងដើមឆ្នាំ២០២៧។
ក្នុងនាមប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ឯកឧត្តម ហួត ហាក់ បានគូសបញ្ជាក់ថា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងស្មារតីសាមគ្គីភាព រួមឯកភាពជាធ្លុងមួយក្រោមដំបូលរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងសមត្ថភាព និងភាពម្ចាស់ការបន្ថែមទៀត សំដៅបន្តរក្សាឱ្យបាននូវភាពធន់នៃវិស័យទេសចរណ៍ និង រក្សាភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ ប្រកបដោយភាពជឿជាក់ ភាពច្នៃប្រឌិត និងបត់បែនឱ្យទាន់សភាពការណ៍។
កិច្ចប្រជុំខាងលើក៏បានវាយតម្លៃពីស្ថានភាព និងបញ្ហាប្រឈមសំខាន់ៗ ដែលកំពុងប៉ះពាល់ដល់វិស័យទេសចរណ៍ រួមមានបញ្ហាព្រំដែនកម្ពុជា-ថៃ, ឥទ្ធិពលព័ត៌មានអវិជ្ជមាននៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អនឡាញ, ព្រមទាំងសង្គ្រាមនៅអ៊ីរ៉ង់ ដែលធ្វើឱ្យកើនឡើងថ្លៃប្រេងឥន្ធនៈ ហើយជះឥទ្ធិពលដល់ការធ្វើដំណើរអន្តរជាតិ។
ក្នុងឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាទទួលភ្ញៀវទេសចរបរទេសបានជាង១លាន ៧សែននាក់ គឺថយចុះជិត៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕







ដោយ ជាវ ចន្ធូ