ផ្លែផ្កានៃទស្សនកិច្ចផ្លូវការ របស់ប្រមុខសម្ដេចប្រធានរដ្ឋសភាកម្ពុជានៅប្រទេសវៀតណាម
កណ្ដាល៖គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយលទ្ធផលផ្លែផ្កា និងនាំមកនូវផលប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋទាំងសងខាង ។សម្ដេចបានអញ្ជើញនិវត្តន៍ប្រកបដោយសុវត្ថិភាពនារាត្រីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ។
ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានប្រាប់អ្នកសារព័ត៌មានថា ក្នុងដំណើរទស្សនកិច្ច គណៈប្រតិភូកម្ពុជាបានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមនិងជាប្រធានរដ្ឋវៀតណាម ,បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភា ,បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឡេ មិញ ហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រី និងបានទទួលជួបសម្តែងការគួរសមជាមួយក្រុមមិត្តភាពរដ្ឋសភា វៀតណាម-កម្ពុជា ផងដែរ ។
ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភាបានឱ្យដឹងថា ក្នុងទស្សនកិច្ចនេះសម្តេចរដ្ឋសភាធិបតី បានសម្តែង ការពេញចិត្តចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការគ្រប់វិស័យរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ដែលសម្រេចបានជាង ១១,៣៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ខណៈដែលនាយរដ្ឋមន្ត្រីប្រទេសទាំងពីរ មានការប្តេជ្ញាខ្ពស់ក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យសម្រេចបានទំហំ២០ពាន់លានដុល្លារនាពេលអនាគត និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែជិតស្និទ្ធ ។
ថ្នាក់ដឹកនាំកំពូលវៀតណាម បានសាទរចំពោះការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ។ ភាគីវៀតណាម បានលើកឡើងថា បច្ចុប្បន្ន វៀតណាម កំពុងធ្វើយុទ្ធនាការ៥០០ថ្ងៃ នៃការរុករក និងបញ្ជូនអដ្ឋិធាតុយុទ្ធជនពលីវៀតណាម និងត្រៀមរៀប ចំខួបទី៨០ (១៩៤៧-២០២៧) នៃទិវាយុទ្ធជនពលីនិងពិការ ហើយភាគីវៀតណាម សូមថ្លែងអំណរគុណ ដល់កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការ និងការបន្តគាំទ្រក្នុងយុទ្ធនាការដ៏សំខាន់នេះ ។
ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងថ្នាក់ដឹកនាំសភា រដ្ឋសភាប្រទេសទាំងពីរ បានឯកភាពលើការជំរុញការអនុវត្តជាក់ស្តែងនិង មាន ប្រសិទ្ធភាពខ្ពស់លើគ្រប់វិស័យ និងគ្រប់កម្រិត ។ រដ្ឋសភាប្រទេសទាំងពីរ ក៏បានឯកភាពគ្នាឱ្យមានការពិនិត្យ និងកែសម្រួល លើខ្លឹមសារអនុស្សរណៈការយោគយល់គ្នា នៃរដ្ឋសភាប្រទេសទាំងពីរដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២២ និងធ្វើវិសោធន កម្មឱ្យឆ្លើយតបតាមតម្រូវការ និងបរិបទជាក់ស្តែង ។ ខណៈឆ្នាំ២០២៧ គឺជាខួប ៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ភាគីទាំងពីរ នឹងធ្វើសកម្មភាពរួមគ្នា ដើម្បីពង្រឹងបន្ថែមទៀតលើការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ។
សម្តេចក៏បានគូសបញ្ជាក់ថា កម្ពុជា មានគោលនយោបាយការបរទេស ដែលមានភាពស៊ីចង្វាក់គ្នា និងមានសង្គតិភាព រវាងការ ទូតបក្ស ការទូតរដ្ឋាភិបាល និងការទូតសភា ។ បច្ចុប្បន្ន ការទូតសភា កំពុងដើរតួនាទីកាន់តែសំខាន់ឡើង ក្នុងការជំរុញវប្បធម៌ សន្ទនា និងការកសាងទំនុកចិត្ត ព្រមទាំងកិច្ចសហប្រតិបត្តិការដោយយកប្រជាជនជាស្នូល។ កម្ពុជាប្រកាន់យ៉ាង ខ្ជាប់ខ្ជួននូវ គោលការណ៍ដោះ ស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ហើយប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់កម្លាំង ក្នុង ការកែប្រែខ្សែបន្ទាត់ព្រំដែនអន្តរជាតិ។
ភាគីប្រទេសវៀតណាម បានអះអាងពីការយកចិត្តទុកដាក់ខ្ពស់ បន្តតាមដាននិងរួមចំណែក ក្នុងការថែរក្សាស្ថិរភាព និង សន្តិសុខក្នុងតំបន់ ហើយសង្ឃឹមថា កម្ពុជានិងថៃអាចរកដំណោះស្រាយដោយសន្តិវិធី។ ក្នុងនាមជាប្រទេសជិតខាងល្អ និង សមាជិកគ្រួសារអាស៊ាន វៀតណាមមិនចង់ឃើញជម្លោះរវាងសមាជិក អាស៊ាន ឬបញ្ហាណាមួយ ដែលគម្រាមកំហែងដល់ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ។
នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈកម្មការជំនាញនៃរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយគណៈកម្មការ រដ្ឋសភាវៀតណាម ផ្សេងៗគ្នា ដើម្បីចែករំលែកព័ត៌មាននិងការផ្លាស់ប្តូរបទពិសោធការងារទៅវិញទៅមកផងដែរ ។
អំឡុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក៏បានអញ្ជើញទស្សនកិច្ចទៅកាន់ក្រុមហ៊ុនទូរ គមនាគមន៍វៀតតែល (Viettel) ដែលវិនិយោគប្រព័ន្ធទូរស័ព្ទ នៅកម្ពុជា ឈ្មោះក្រុមហ៊ុនមិត្តហ្វូន និងបានទស្សនកិច្ចនៅ មន្ទីរពេទ្យយោធាវៀតណាម ១០៨ ក្នុងការផ្សារភ្ជាប់ទំនាក់ ទំនងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ និងជំរុញការវិនិយោគនិងបង្កើន កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ឆ្លើយតបឧត្តមប្រយោជន៍ប្រទេសជាតិនិងប្រជាជននៃប្រទេសទាំងពីរ ៕








ដោយ៖ស៊ូ វណ្ណលុក
រូប៖ ហេង សម្បត្តិ