អ្នករាយការណ៍ពិសេសអ.ស.ប ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងស្មារតីស្ថាបនា
ភ្នំពេញ៖អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានកោតសរសើរចំពោះកម្ពុជាព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយកម្ពុជាក្នុងស្មារតីស្ថាបនាដោយផ្អែកលើច្បាប់ជាតិ និងអន្តរជាតិ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦បានអនុញ្ញាតជូនលោក ថូម៉ាស អាន់ឌ្រូ (homas Andrews)អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ(អ.ស.ប)ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួបលោក ថូម៉ាស អាន់ឌ្រូ បានជម្រាបសម្តេចធិបតីថា ក្នុងដំណើរបំពេញបេសកកម្មការងាររបស់លោកៗ បានជួបពិភាក្សាការងារជាមួយឥស្សរជនជាន់ខ្ពស់, តំណាងក្រសួងស្ថាប័ន, អង្គការសង្គមស៊ីវិល ។លោកក៏បានបំពេញទស្សនកិច្ចនៅជំរំជនភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។លោកបានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះ និងគាំទ្រជនភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។
មកនិយាយអំពីសិទ្ធមនុស្សនៅកម្ពុជាវិញ លោកបានកោតសរសើរកម្ពុជាដែលបានទទួលយកលិខិតូបករណ៍ពាក់ព័ន្ធនឹងសិទ្ធិមនុស្សចំនួន ៨ លើ ៩ ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយកម្ពុជា ក្នុងស្មារតីស្ថាបនាដោយផ្អែកលើច្បាប់ជាតិ និងអន្តរជាតិ ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានអបអរសាទរចំពោះលោក ថូម៉ាស អាន់ឌ្រូ ដែលទទួលបានការតែងតាំងជាអ្នករាយការណ៍ពិសេសបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាពិតជាត្រូវការដៃគូសហការក្នុងស្មារតីស្ថាបនា និងប្រកបដោយសមធម៌។
សម្តេចធិបតីបានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋានដោយផ្អែកលើច្បាប់ជាតិ និងលិខិតូបករណ៍អន្តរជាតិនានា ជាពិសេសការលើកកម្ពស់សិទ្ធិទទួលបានសេវាថែទាំ សុខភាព និងការអប់រំ ជាដើម។
ទន្ទឹមនឹងនេះសម្តេចធិបតីបានសង្កត់ធ្ងន់ថា ការប្រើប្រាស់សិទ្ធិ និងសេរីភាព ត្រូវធ្វើឡើងប្រកបដោយការទទួលខុសត្រូវ និងស្របតាមដែនកំណត់នៃច្បាប់។សម្ដេចបានបន្ថែមថា ទោះជាប្រទេសតូច ឬធំក្តី ការអនុវត្តច្បាប់ និងការលើកកម្ពស់សិទ្ធិមនុស្ស គឺត្រូវស្ថិតនៅក្រោមច្បាប់ ហើយប្រទេសនីមួយៗ សុទ្ធតែមានលក្ខណៈពិសេសផ្សេងៗពីគ្នា។
សម្តេចធិបតីបានលើកទឹកចិត្តឱ្យអ្នករាយការណ៍ពិសេស បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងលើកទឹកចិត្តឱ្យការសរសេររបាយការណ៍ ដោយផ្អែកលើព័ត៌មានគ្រប់ជ្រុងជ្រោយ និងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅរួមចំណែកដល់ការអនុវត្ត និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត ។
ក្នុងឱកាសដដែលនេះ សម្ដេចធិបតី ក៏បានជម្រាបជូនអ្នករាយការណ៍ពិសេសអំពីការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែននេះ ដោយសន្តិវិធី ,ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ ៕






ដោយ៖ស៊ូវណ្ណលុក