ចិន ថា គ្មានផែនការប្រព័ន្ធបាញ់មីស៊ីលឲ្យអ៊ីរ៉ង់ ដូចការចោទ
ប៉េកាំង ៖ ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ បានចេញមុខបដិសេធរបាយការណ៍ ដែលថាខ្លួនមានផែនការដឹកជញ្ជូនប្រព័ន្ធបាញ់មីស៊ីលការពារដែនអាកាសទៅកាន់អ៊ីរ៉ង់ ដោយចាត់ទុកថា ព័ត៌មានទាំងនេះមិនមែនជាការពិតទាល់តែសោះ។
ការប្រកាសទាត់ចោលនេះ ធ្វើឡើង បន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយ រយធឺ រាយការណ៍ថា អ៊ីរ៉ង់គ្រោងនឹងទទួលបានការដឹកជញ្ជូនលើកដំបូង នូវឧបករណ៍បាញ់មីស៊ីល ប្រភេទស្ពាយលើស្មា ឬ shoulder-fired ដែលផលិតដោយចិន រហូតដល់ទៅ ៤០០គ្រាប់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅទីក្រុងប៉េកាំងថា ប្រទេសចិនបានបញ្ជាក់យ៉ាងច្បាស់អំពីជំហររបស់ខ្លួន លើបញ្ហាពាក់ព័ន្ធនានា ជាច្រើនលើកច្រើនសាររួចមកហើយថា ប្រទេសចិនតែងតែខិតខំប្រឹងប្រែងដើម្បីសន្តិភាព និងការបញ្ចប់ជម្លោះ។ លោកស្រី បានសង្កត់ធ្ងន់ថា របាយការណ៍ទាំងនោះមិនមែនជាការពិត និងមិនមានមូលដ្ឋានជាក់ស្តែងទាល់តែសោះ។
ទីភ្នាក់ងារព័ត៌មាន រយធឺ បានដកស្រង់សម្តីប្រភព ដែលមិនបញ្ចេញឈ្មោះ បញ្ជាក់ថា ការដឹកជញ្ជូនលើកដំបូងគ្រោងនឹងត្រូវធ្វើឡើងតាមផ្លូវអាកាសចេញពីទីក្រុង Urumqi ក្នុងតំបន់ភាគខាងលិចនៃប្រទេសចិន ហើយឆ្លងកាត់ប្រទេសប៉ាគីស្ថាន មុនពេលទៅដល់ប្រទេសអ៊ីរ៉ង់។
យ៉ាងណាមិញ កាលពីថ្ងៃពុធ ប្រទេសប៉ាគីស្ថានក៏បានបដិសេធយ៉ាងដាច់អហង្ការផងដែរ ចំពោះរបាយការណ៍ដែលអះអាងថា ទីក្រុង Islamabad នឹងអនុញ្ញាតឱ្យមានការដឹកជញ្ជូនឆ្លងកាត់ទឹកដីរបស់ខ្លួន៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ សារ៉ាត
